ជាង១ខែ ពន្ធដារ និងសមត្ថកិច្ចផាកពិន័យរថយន្តដែលមិនប្រកាសបង់ពន្ធបានលុយ ១,៥២លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយកម្លាំងសមត្ថកិច្ច ធ្វើការផាកពិន័យយានយន្តបានចំនួន ៨,៥៣៧ គ្រឿង ដែលមិនបានប្រកាសបង់ពន្ធ ជាមួយនឹងប្រាក់ពិន័យចំនួន ១,៥២លានដុល្លារ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣ ខែមីនា បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងចុះតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យ ការអនុវត្តការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសំដៅធានាបាននូវសមភាព និងតម្លាភាពនៃការបង់ពន្ធប្រភេទនេះ ដែលយុទ្ធនាការនេះបានចាប់ផ្តើមពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតមក។

បើតាមអគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានយានយន្តចំនួន ៨ ៥៣៧ គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់ ហើយយានយន្តទាំងនោះតម្រូវឲ្យបង់ប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យមានចំនួន ៦ ០៩៥ ០៧០ ០០០ រៀល (ប្រមាណ ១.៥២ លានដុល្លាអាមេរិក)។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានជម្រាបដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ឬសាធារណជន ដែលជាម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងអស់មេត្តា ដែលមិនទាន់បានប្រកាសបង់ពន្ធនៅតែបន្តធ្វើចរាចរណ៍នៅលើដងផ្លូវនៅឡើយ ដូចនេះក្រុមការងារចម្រុះ នៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យលើយានយន្តណា ដែលមិនទាន់បានបង់ពន្ធប្រភេទនេះ ដើម្បីឲ្យច្បាស់ថា យានយន្តទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធ ដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់៕