អាជីវករ៖ ទោះមានតម្លៃថ្លៃ ប្រជាពលរដ្ឋនៅតែសម្រុកទិញផ្លែឈើ ផ្កាភ្ញី គ្រឿងសែន ស្របពេលចូលឆ្នាំចិន-វៀតណាម ខិតជិតមកដល់

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម កាន់តែខិតជិតមកដល់ បងប្អូនប្រជាពលរដ្ឋកាត់ខ្សែស្រឡាយចិន និងវៀតណាម ចាប់ផ្ដើមសម្រុកទៅទិញគ្រឿងរៀបចំសម្រាប់សែន ដូចជាផ្លែឈើ ផ្កាភ្ញី ក្រដាសសែន ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកស្រី សំ ស្រីណា

អ្នកស្រី សំ ស្រីណា អាជីវករលក់ផ្លែឈើជាង១០ឆ្នាំនៅផ្សារច្បារអំពៅ បានឱ្យដឹងថា តម្រូវការផ្លែឈើគឺមានជារៀងរាល់ថ្ងៃ ដោយឡែកសម្រាប់ឱកាសបុណ្យទានបែបនេះ គឺមានតម្រូវការខ្លាំងលើសថ្ងៃធម្មតា ដោយថ្ងៃធម្មតាក្នុងមនុស្សម្នាក់ទិញតែ១គីឡូ ឬក៏២គីឡូ ប៉ុន្ដែសម្រាប់ថ្ងៃបុណ្យវិញប្រជាពលរដ្ឋទិញម្ដងចាប់ពី៧ម៉ឺន ទៅ១០ម៉ឺនរៀលនៅក្នុងម្នាក់ៗ។ តម្លៃផ្លែឈើកន្លែងលោកស្រី គឺមិនមានការឡើងថ្លៃនោះទេ ពោលគឺនៅថេរដដែល។ ចំពោះការរក្សាតម្លៃដដែលនេះ លោកស្រី សំ ស្រីណា បញ្ជាក់ថា ប្រសិនយើងលក់ខុសពីតម្លៃទីផ្សារ ពិបាកនៅក្នុងការលក់។ ផ្លែឈើសព្វថ្ងៃ ផ្លែក្រូច និងផ្លែប៉ោម ១គីឡូ ១៥០០០រៀល មង្ឃុត ១គីឡូ ១៣០០០រៀល ចំណែកឯផ្លែទឹកដោះគោ ១គីឡូ១០០០០រៀល។

អ្នកស្រី សំ សោភណ្ឌ

អ្នកស្រី សំ សោភណ្ឌ អាជីវករលក់ផ្លែឈើជាង១០ឆ្នាំ បានឱ្យដឹងដែរថា តម្រូវការផ្លែឈើនៅសព្វថ្ងៃនេះ នៅមានសភាពស្ងប់ស្ងាត់នៅឡើយ ប្រហែលជាជិតដល់ថ្ងៃសែនទើបប្រជាពលរដ្ឋឡើងមកទិញតែម្ដង។ អ្នកស្រីបញ្ជាក់ថា ផ្លែឈើនៅកន្លែងអ្នកស្រី មិនមានការឡើងថ្លៃខ្ពស់នោះទេ ទោះមានតម្រូវការច្រើនយ៉ាងណាក៏ដោយ។

អ្នកស្រី សុន សាវ៉ន

អ្នកស្រី សុន សាវ៉ន អាជីវករលក់គ្រឿងរណ្ដាប់តុបតែងសែនចិន បានឱ្យដឹងថា គ្រឿងរណ្ដាប់សែននេះ អ្នកស្រីលក់ដាច់តាំងពីកៀកថ្ងៃដកជើងធូបមកម្ល៉េះ ចំណែកតម្លៃវិញគឺមានការឡើងថ្លៃទៅតាមមុខទំនិញ។ អ្នកស្រីគូសបញ្ជាក់ថា ទោះជាមានតម្លៃឡើង ប៉ុន្ដែប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីតម្លៃនេះ ព្រោះអាជីវករមិនមែនចេះតែឡើងតាមមាត់នោះទេ ដោយសារទិញមកពីគេថ្លៃដែរ ទើបយកមកលក់បន្ដមានការកើនខ្លះជារឿងធម្មតា។ ចំពោះគ្រឿងសែន ប្រជាពលរដ្ឋឡើងមកទិញម្ដងៗ ចំណាយថវិកាទិញប្រមាណជា១០ម៉ឺនទៅ៤០ម៉ឺនរៀល ទៅតាមលក្ខណៈគ្រួសារនីមួយៗ។

ដោយឡែកអាជីវករលក់នំពងទា បានឱ្យដឹងដែរថា តម្រូវការនំឡើងឬហៅថានំពងទានេះ មានតម្រូវខ្ពស់គួរសមផងដែរ ដោយប្រជាពលរដ្ឋចាប់ផ្ដើមទិញទៅសែនតាំងពីថ្ងៃដកជើងធូបមកម្ល៉េះ ។ ចំណែកឯតម្លៃនំវិញ អ្នកស្រីបញ្ជាក់ថា កន្លែងណាក៏ដូចកន្លែងណាដែរ គឺតម្លៃតែងតែឡើងខុសពីថ្ងៃធម្មតា ពី១០០០រៀល ទៅ២០០០រៀល។

អ្នកស្រី ព្រំ ញឹប

ប៉ុន្ដែទោះបីជាយ៉ាងណា អ្នកស្រី ព្រំ ញឹប ជាអ្នកលក់ផ្កាអង្គារសិល្ប៍ បានឱ្យដឹងថា ការលក់នៅឆ្នាំនេះមិនសូវដាច់នោះទេ ពីព្រោះមានអ្នកលក់ច្រើន និងមិនសូវមានអ្នកមកជួយទិញ។ ផ្កានៅក្នុងមួយដើមគឺមានតម្លៃចាប់ពី១៥០០០រៀលឡើងទៅ តាមទំហំផ្កាល្អ និងមិនសូវល្អ។

លោក វ៉ន សាវិន

ដោយឡែក លោក វ៉ន សាវិន ជាអ្នកលក់ផ្កាអង្គារសិល្ប៍ដូចគ្នានោះ ក៏បានបញ្ជាក់ផងដែរថា ការលក់នៅឆ្នាំនេះ គឺខ្សោយជាងឆ្នាំមុនៗ ៕