ការធ្វើជំរឿនមន្ត្រី នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចប់ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាង ៨០០នាក់

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២១ និងទី២២ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង បានបញ្ចប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រួចរាល់តាមការគ្រោងទុក។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងដំណើរការចុះជំរឿនមន្ត្រីជាក់ស្តែងនេះ គណៈកម្មការជំរឿន បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ប្រមាណជាង ៨០០នាក់ បានចូលរួមក្នុងដំណើរការនៃការធ្វើជំរឿននេះផងដែរ។

គួរបញ្ជាក់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីដែលអវត្តមានមិនបានអញ្ជើញមកក្នុងពេលនេះ កើតមានដោយសារ ស្ថានភាពចាំបាច់នានា ដូចជាកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ និងកំពុងបំពេញបេសកកម្ម ហើយខ្លះទៀតកំពុងស្ថិតក្នុងវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាដើម។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទាំងនោះ សុទ្ធតែត្រូវបានកត់ត្រាទុក ដោយមានឯកសារផ្លូវការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ ឬឯកសារអះអាងនានាដែលគណៈកម្មការអាចទទួលស្គាល់ និងទទួលយកបាន។

សូមជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងទី៣ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់ បន្ទាប់ពីក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕