លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។

ថ្លែងនៅក្នុងឱកាសបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ស សុខា បានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារ ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើស។
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបន្ថែមថា រូបភាពនៃការបន្លំបោកប្រាស់ទាំងនោះ ដូចជាការបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយជនខិលខូចបានទំនាក់ទំនងទូរសព្ទទៅជនរងគ្រោះដោយបន្លំថា ទាក់ទងដើម្បីផ្ដល់រង្វាន់សំណាង ប៉ុន្តែបានតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន ករណីខ្លះទៀត ជនខិលខូច បានបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ ដោយតម្រូវឱ្យអតិថិជនជាជនរងគ្រោះផ្ញើប្រាក់ទៅខ្លួនជាមុន ប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយក៏បិទផ្ដាច់ទំនាក់ទំនង ខណៈករណីខ្លះ ជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពដក ឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្ដើមចេញពីក្រសួងមហាផ្ទៃទៅតែម្ដង ដែលលោកបានណែនាំឱ្យអង្គភាពជំនាញ រៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដូចបានបញ្ជាក់ខាងលើនេះ។ តាមរយៈយន្តការនេះ លោកបានអះអាងថា មន្ត្រីជំនាញប្រចាំការ នឹងធ្វើការងារនេះ២៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងករណីទទួលបានបណ្ដឹងពីជនរងគ្រោះ ក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កកប្រាក់ក្នុងគណនីជនល្មើស៕






