លោក ស្រ៊ុន ពៅ៖ តម្លៃជ្រូករស់ឡើងមិនលើស១ម៉ឺនរៀល ធ្វើឱ្យអ្នកចិញ្ចឹមរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នគេសង្កេតឃើញតម្លៃជ្រូករស់ នៅលើទីផ្សារ នៅតែជាបញ្ហាចោទសម្រាប់ប្រជាកសិករអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ហើយនៅពេលខាងមុខ បើសិនជាតម្លៃនូវតែមិនអាចឡើងដល់១ម៉ឺនរៀលឬលើសពីនេះ វានឹងធ្វើឱ្យអ្នកចិញ្ចឹមជ្រូកជួបផលលំបាកកាន់តែធ្ងន់ធ្ងរថែមទៀតហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាលោក ស្រ៊ុន ពៅ បានឱ្យដឹងថា ក្នុងរយៈពេលអ្នកចិញ្ចឹមជ្រូកក្នុងស្រុករងផលប៉ះពាល់ជាងកន្លះឆ្នំាមកនេះ លោកសង្កេតឃើញថា កសិករបានបិទទ្វារឈប់ចិញ្ចឹមជ្រូកជាបន្តបន្ទាប់ ដោយសារតម្លៃជ្រូកនៅលើទីផ្សារពុំមានស្ថិរភាព។

បើតាមលោកស្រ៊ុន ពៅ បច្ចុប្បន្នជ្រូករស់នៅក្នុងស្រុកមានការកកស្ទះនៅឡើយ ដោយសារការស្រូបយករបស់ទីផ្សារមិននៅមានកម្រិត ទោះបីប្រជាកសិករភាគច្រើនបានផ្អាកចិញ្ចឹមជ្រូករបស់ខ្លួន នៅតាមតំបន់ក៏ដោយ។

លោកបន្តថា « យើងរំពឹងថា ទីផ្សារមកដល់ពេលនេះ តម្លៃជ្រូករស់វាងើបឡើងវិញ ប៉ុន្តែឡើងមិនរួចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកចិញ្ចឹមនៅគ្រប់តំបន់»។

សព្វថ្ងៃនេះ តម្លៃជ្រូករស់នៅលើទីផ្សារ ស្ថិតនៅក្រោម១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយបើសិនជាតម្លៃនេះមិនអាចងើបឡើងខ្ពស់ជាងនេះ ថាតើអ្នកចិញ្ចឹមជ្រូកជួបផលលំបាកបែបណាទៀតនៅគ្រាបន្ទាប់?លោក ស្រ៊ុនពៅ មានប្រសាសន៍ថា « ឥឡូវយើងមើលឃើញថា អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក ស្រែកទ្រហោហើយ បើតម្លៃជ្រូករស់មិនអាចឡើងថ្លៃដល់១ម៉ឺនរៀល ឬលើសពីនេះ នឹងធ្វើឱ្យប៉ះពាល់ទៅដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ ដោយសារចំណីនៅលើទីផ្សារនៅមានតម្លៃថ្លៃ។មកដល់សព្វថ្ងៃនេះ ប្រជាកសិករចិញ្ចឹមជ្រូកក្នុងស្រុក បានដួលរំលំអស់មួយចំនួនធំមកហើយ ហើយបើផលប៉ះពាល់នៅតែបន្តអូសបន្លាយយូរថែមទៀត វានឹងធ្វើប៉ះពាល់ទៅដល់អ្នកចិញ្ចឹមសត្វកាន់តែធ្ងន់ធ្ងរថែមទៀត»៕

អត្ថបទ៖សារេត