គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញផ្លែមៀនស្រស់ប្រមាណ១៩ ៤៤៣តោន កើនឡើងប្រមាណ៣១ភាគរយ បើប្រៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន១៩ ២៣៣តោន។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ ឆ្នាំ២០២៥។

ពាក់ព័ន្ធនិងផ្លែមៀនស្រស់ឬមៀនប៉ៃលិននេះដែរ លោក តំ សុភ័ណ្ឌ តំណាងសហគមន៍មៀនប៉ៃលិនបានឱ្យដឹងថា មៀនប៉ៃលិននៅពេលមានទីផ្សារនាំចេញទៅប្រទេសចិនបានដោយផ្ទាល់ វាជារឿងល្អសម្រាប់កសិករមានទំនុកចិត្តក្នុងការផលិត វាមិនធ្វើឱ្យមានការកកស្ទះនៅពេលប្រមូលផលមៀនស្រស់ដូចកាលពីមុន។ ប៉ុន្តែបច្ចុប្បន្ននេះការផលិតរបស់កសិករ មានការធ្លាក់ចុះដោយសារការប្រែប្រួលនៃអាកាសធាតុ ជាហេតុធ្វើឱ្យកសិករចំណាយថ្លៃដើមផលិតខ្ពស់ តែចំណូលបានមកវិញមានចំនួនតិចតួច វាអត់ដូចពេលមុនៗ។
លោកបន្តថា បច្ចុប្បន្នសហគមន៍មៀនប៉ៃលិនមានសមាជិកសរុប២៥៥គ្រួសារ និងមានផ្ទៃដីដាំមៀនមានជាង២ ៤០០ហិកតា ដោយមួយហិកតាទទួលបានទិន្នផលពី១០តោន ទៅ១២តោន ឬមានចំនួនតិចជាងនេះបើអាកាសធាតុមានការប្រែប្រួល។ ជាក់ស្តែងកាលឆ្នាំ២០២៤កន្លងមកនេះ ការផលិតមៀនប៉ៃលិនប្រមូលបានទិន្នផលប្រមាណ៦០ភាគរយ នៅក្នុងផ្ទៃដីសរុប ហើយនៅឆ្នាំ២០២៥នេះ ខាងសហគមន៍មិនទាន់អាចវាយតម្លៃបាន ដោយសារកសិករចាប់ផ្តើមផលិតមៀនប៉ៃលិននៅមានចំនួនតិចតួច ព្រោះតែភាពមិនច្បាស់លាស់នៃទីផ្សារ និងការអូសបន្លាយរបស់កសិករកាលពីឆ្នាំ២០២៤រហូតមកដល់ពេលនេះមិនទាន់បានចាប់ផ្តើមផលិតមៀនក្នុងរដូវកាលថ្មី។

បើតាមតំណាងសហគមន៍មៀនប៉ៃលិនខាងលើ ជាទូទៅកសិករផលិតមៀនប៉ៃលិនធ្វើទៅតាមតម្រូវទីផ្សារ ហើយកន្លងមកកសិករចាប់ផ្តើមប្រមូលផលមៀនប៉ៃលិននៅខែកក្កដា រហូតដល់ខែឧសភានៃឆ្នាំបន្ទាប់ (ខែកក្កដាឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥) ។
បច្ចុប្បន្នមាននៅក្នុងតំបន់មានក្រុមហ៊ុនជីនវ័រយាន ប្រមូលទិញផ្លែមៀនស្រស់ពីកសិករ ដើម្បីកែច្នៃវេចខ្ចប់សម្រាប់ធ្វើការនាំចេញទៅប្រទេសចិន។ តួយ៉ាងក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមហ៊ុនប្រកាសទិញមៀនស្រស់ពីកសិករក្នុងតម្លៃ៣០០០ ទៅ៣៥០០រៀល ក្នុងមួយគីឡូក្រាម ហើយនៅឆ្នាំ២០២៥នេះ ចាប់ពីពាក់កណ្តាលខែកក្កដាដល់ខែធ្នូខាងមុខនេះ ទិញក្នុងតម្លៃ៣ ០០០រៀល៕




