រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជំហរបន្តចរចាជាមួយអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីជំហររបស់ខ្លួន ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត  ខណៈបច្ចុប្បន្នលទ្ធផលនៃការចរចាពន្ធគយបដិការរវាងប្រទេសទាំងពីរ បានថយចុះពី ៤៩% មក ៣៦% ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពន្ធបដិការ កាលរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា តាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣% (ប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ មេសា ២០២៥) ធ្វើឱ្យកម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។ លោកបន្តថា ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ។ លោក បានបន្ថែមទៀតថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ។

យ៉ាងណាមិញ រាជរដ្ឋាភិបាល បញ្ជាក់ទៀតថា កម្ពុជា មានឱកាសនឹងបន្តការចរចាជាមួយសហរដ្ឋអាម៉េរិក គិតចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ហើយកម្ពុជានៅមានសន្លឹកបៀនៅក្នុងដៃជាច្រើនទៀត ដើម្បីបន្តការចរចាពន្ធបដិការជាមួយនឹងសហរដ្ឋអាម៉េរិក ហើយរដ្ឋាភិបាលសង្ឃឹមថាអត្រា ៣៦ភាគរយក្រោយនេះនឹងអាចចុះបន្ថែមទៀត៕ អត្ថបទ៖​ហ្សាលីន