ជប៉ុន ​ស្នើកម្ពុជាបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃបរិយាកាសវិនិយោគ ដើម្បីទាក់ទាញអ្នកធុរកិច្ចរបស់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា ប្រទេសជប៉ុន បានស្នើទៅកាន់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃបរិយាកាសវិនិយោគ ដើម្បីទាក់ទាញអ្នកធុរកិច្ចជប៉ុនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោក Takayoshi Negoro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបនោះ លោក Takayoshi Negoro បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ទាក់ទាញ និងថែទាំវិនិយោគិនជប៉ុន ហើយលោករំពឹងថាផ្តើមចេញពីបេសកកម្មគោះទ្វារវិនិយោគនានេះ សមាជិកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាកាន់តែច្រើននឹងទទួលបានព័ត៌មានស្តីពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានស្នើភាគីកម្ពុជាបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគឱ្យបានជាប់ជាប្រចាំដើម្បីបញ្ជ្រាបការឈ្វេងយល់ឱ្យបានទូលំទូលាយទៅកាន់ស្រទាប់សហគមន៍ធុរកិច្ចជប៉ុន។

ជាការឆ្លើយតប លោក សួន សុផល បានលើកឡើងអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ដូចជា៖១. ស្ថិរភាពនយោបាយ ២. ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន ៣. កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត ៤. រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន ៥. របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និង ៦. កំណើនជាលំដាប់នៃប្រភពថាមពលកកើតឡើងវិញ។

ជាមួយគ្នានេះ លោកមានជំនឿថា ជប៉ុន នឹងជួយពាំនាំនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សមាជិករបស់ខ្លួនឱ្យបានទូលំទូលាយ និងស្នើអញ្ជើញគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សូមជម្រាប់ដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជា បានទទួលគម្រោងវិនិយោគចំនួ​ន​៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥.៨ប៊ីលានដុល្លារ កើនឡើង ៧៧%។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៥៕អត្ថបទ៖ ហ្សាលីន