កសិករចង់ឃើញតម្លៃជ្រូករស់ឡើងថ្លៃដល់១ម៉ឺនរៀលក្នុង១គីឡូ ដើម្បីបានប្រាក់ចំណេញ

សង្គម​និង​សេដ្ឋកិច្ច

កសិករចិញ្ចឹមជ្រូកនៅភូមិភ្នំដិល ឃុំតំាងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាមម្នាក់ចង់ឃើញតម្លៃជ្រូករស់អាចឡើងថ្លៃដល់១ម៉ឺនរៀលនាពេលខាងមុខ បន្ទាប់ពីបានលក់ជ្រូកកាលពីដើមខែមិថុនាអស់ចំនួន៤៥ក្បាលពិបាករកប្រាក់ចំណេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


អ្នកស្រី ម៉ែន មុនី រស់នៅភូមិឃុំខាងលើបានឱ្យដឹងថា តម្លៃជ្រូករស់នៅក្នុងតំបន់ពេលនេះវាមិនទាន់មានភាពល្អប្រសើរទេ។ តម្លៃជ្រូករស់សព្វថ្ងៃកសិករលក់បានត្រឹមថ្លៃ៩ពាន់រៀលក្នុង១គីឡូក្រាម ហើយតម្លៃនេះយើងមិនទាន់អាចរកប្រាក់ចំណេញពីការចិញ្ចឹមជ្រូកនៅឡើយទេ បានត្រឹមតែរួចខ្លួន។

អ្នកស្រីបន្តថា« កាលពីដើមខែមិថុនាកន្លងទៅខ្ញុំបានលក់ជ្រូកអស់ចំនួន៤៥ក្បាលបានជិត៥តោនដោយក្នុង «១គីឡូក្រាមថ្លៃ៩ពាន់រៀលបើគិតជាប្រាក់បានជាង៤០លានរៀល។តម្លៃជ្រូករស់នេះសម្រាប់អ្នកចិញ្ចឹមជ្រូកលក្ខណៈខ្នាតតូចពិបាករកប្រាក់ចំណេញណាស់ ទាល់តែតម្លៃជ្រូករស់លក់បានថ្លៃដល់១ម៉ឺនរៀលទើបអាចបានប្រាក់ចំណេញបានខ្លះក្រៅពីកាត់ថ្លៃចំណីហើយ»។

អ្នកស្រី ម៉ែន មុនី សង្កត់ធ្ងន់ថា«តាមចិត្តរបស់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យតម្លៃជ្រូករស់ឡើងថ្លៃខ្ពស់ពេកនោះទេ អាចធ្វើឱ្យអ្នកបរិភោគពិបាក តែបើតម្លៃជ្រូកធ្លាក់ចុះទាបពេកធ្វើឱ្យអ្នកចិញ្ចឹមជួបការខាតបង់ព្រោះសព្វថ្ងៃនៅទីនេះកសិករចិញ្ចឹមតូចតាចឈប់ចិញ្ចឹមជ្រូកអស់ហើយព្រោះចិញ្ចឹមជ្រូកអត់បានប្រាក់ចំណេញ។ដើម្បីឱ្យអ្នកចិញ្ចឹមជ្រូកអាចរស់បានទំាងអស់គ្នាតម្លៃជ្រូករស់អាចលក់បានត្រឹមតែ១ម៉ឺនរៀលក៏បានដែនៅក្នុងកាលៈទេសៈលំបាកដូចពេលបច្ចុប្បន្ន»។

បើតាមអ្នកស្រី ម៉ែន មុនី ក្រៅពីលក់ជ្រូកចេញកាលពីមុនអស់៤៥ក្បាលបានជិត៥តោន សព្វថ្ងៃនៅមានជ្រូកតូចនិងធំប្រហែល២០០ក្បាលនិងជ្រូកមេចំនួន២៤ក្បាល ហើយនៅក្នុងនាមជាកសិករចិញ្ចឹមជ្រូកម្នាក់ ចង់ឃើញតម្លៃជ្រូករស់អាចលក់បានថ្លៃត្រឹមតែ១ម៉ឺនរៀលថេរ កុំចាំបាច់មានឡើងមានចុះ ប្រៀបបីដូចទឹកជោ ទឹកនាជបែបនេះវាពិបាកណាស់។

ពាក់ព័ន្ធនិងតម្លៃជ្រូករស់នៅក្នុងស្រុកនាពេលបច្ចុប្បន្ន បើយោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបង្ហាញថាតម្លៃជ្រូករស់លក់មុខកសិដ្ឋានប្រចំាសប្តាហ៍ទី២៦ឆ្នំា២០២៣នេះ តម្លៃជ្រូករស់មាន៩២០០រៀល, ៩៦០០រៀល,៩៨០០រៀល។

អត្ថបទ៖សារេត