កាន់ដំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជា ៥ឆ្នាំ បណ្ឌិត សុខ ទូច ស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង

សង្គម​និង​សេដ្ឋកិច្ច

៥ឆ្នាំនៃការកាន់តួនាទីជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច អះអាងថា លោកជួបរឿងរ៉ាវគ្រប់រសជាតិ ដោយលះបង់ពេលវេលាខ្លួនឯង សម្រាប់ស្ថាប័នដែលផ្នែកមួយនៃចលនាឈាមរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងតាមរយៈទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២២នេះ បណ្ឌិត សុខ ទូច បានលើកឡើងថា៖ ថ្ងៃនេះ ជាខួប៥ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្ត តែងតាំងរូបខ្ញុំ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

លោកថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខ្ញុំបាទ ទទួលបានគ្រប់រសជាតិ គឺស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គឺដើម្បីឱ្យស្ថាប័នមានដំណើរការ ព្រោះឋានៈ តួនាទីមិនមែនជាលាភសក្ការៈឬគ្រឿងលម្អទេ តែវាជាអម្រែក។

លោក សុខ ទូច ចូលកាន់តំណែង​ជាប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ លោក​កើត​នៅ​​​ឆ្នាំ​ ១៩៦៥ ដែលមាន​បង​ប្អូន​​ប្រាំ​នាក់​ ស្រី​​ពីរ​នាក់​ និង​ ប្រុស​បី​នាក់​ ស្ថិតនៅ​​ភូមិ​តា​កយ​ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រីសន្ធរ ​​ខេត្ត​កំពង់​ចាម។ ​​​

ថ្មីៗកន្លងទៅ បណ្ឌិត សុខ ទូច បានធ្វើការសិក្សាស្រាវជ្រាវ​បញ្ហាការទន្រ្ទាន និងកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលលោកចាត់ថាកំពុងមានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្នដែល​តម្រូវ​ឲ្យមានការ​ទប់ស្កាត់​ជាបន្ទាន់ ពោលគឺអស់រាប់ម៉ឺនហិកតា ហើយលោកបានរាយការណ៍ទៅកាន់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។ ភ្លាមៗ សម្តេច ហ៊ុន សែន បានចេញបទបញ្ជាឲ្យបង្កើតក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវ និងដកហូតដីព្រែលិចទឹកពីអ្នកមានអំណាច អ្នកជំនួញ និងប្រជាពលរដ្ឋដែលកាន់កាប់ទន្ទ្រានយកដីរដ្ឋ។

លោក​​បញ្ជាក់ថា​ “ចំណាត់​ការ​របស់​រដ្ឋាភិបាល​ពីចម្រុះ​ក្រសួង​គឺជារឿង​ត្រឹមត្រូវ​ ដើម្បី​បង្រ្កាប​ដោយ​ប្រើប្រាស់​កណ្តាប់​ដៃដែក”។​

+ស្នាដៃបោះពុម្ភផ្សាយរបស់លោក ដូចខាងក្រោម៖
-ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ បោះ​ពុម្ព​​ឆ្នាំ​២០០២
-តួនាទី​អង្គការ​សហប្រជាជាតិ​ បោះ​ពុម្ព​​ឆ្នាំ​២០០៣
-ទ្រឹស្ដី​ទំនាក់​ទំនង​អន្តរជាតិ​ បោះ​ពុម្ព​​ឆ្នាំ​២០០៣
-ទំនាក់​ទំនង​រវាង​កម្ពុជា​​ជា​មួយ​សហរដ្ឋ​អាមេរិក​ ចិន​ និង​វៀតណាម​ បោះ​ពុម្ព​​ឆ្នាំ​២០០៧
-វេទិកា ​បណ្ឌិត​សភា​លើក​ទី​៣ ស្ដី​ពី​ខួប​​ទី​១៥​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ស្ដី​ពី​ដំណោះ​ស្រាយ​នយោបាយ​រួម​នៅ​​កម្ពុជា​ បោះ​ពុម្ព​​ឆ្នាំ​២០០៨
-ទំនាក់​ទំនង​អន្តរជាតិ​ កម្ពុជា​ក្រោម​ក្រសែ​ភ្នែក​មហាអំណាច​ បោះ​ពុម្ព​​ឆ្នាំ​២០០៣
-ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ១ បោះ​ពុម្ព​​ឆ្នាំ​២០០៨
-ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ២ បោះ​ពុម្ព​​ឆ្នាំ​២០០៩
-ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ៣ បោះ​ពុម្ព​​ឆ្នាំ​២០១០
-ទំនាស់​ព្រំដែន​រវាង​ប្រទេស​ថៃនិង​ប្រទេស​ជិត​ខាង​ បោះ​ពុម្ព​​ឆ្នាំ​២០១០