របាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងតាមរយៈក្រសួងព័ត៌មានថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ ឆ្នាំ២០២៦នេះ ខេត្តរតនគិរី មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៥ម៉ឺននាក់ បានមកលេងកម្សន្ត។

ក្នុងចំនួនភ្ញៀវទេសចរសរុបខាងលើមានភ្ញៀវអន្តរជាតិ ចំនួន៧៧០នាក់ កើនឡើង ១៣.១%។ដោយឡែកប្រជាពលរដ្ឋក្នុងខេត្ត ដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ១០៣,៧៦១ នាក់ កើ់នឡើង ៦.៦% ។ បើសរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ មានចំនួន ១៥២,១៨៦នាក់។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា រយ:ពេល៣ថ្ងៃ (១៤- ១៦.មេសា ២០២៦)នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់ឡើយ។

គួរបញ្ជាក់ថា ដើម្បីទាក់ទាញបន្ថែមទៀតដល់ភ្ញៀវទេសចរមកលេងកម្សាន្ត រដ្ឋបាលខេត្តរតនគិរី បានរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី និងការប្រគុំតន្ត្រី ជាពិសេសបានរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី។ ចំពោះសុវត្ថិភាពភ្ញៀវទេសចរ តាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើ ដោយមានរៀបចំណតរថយន្ត និងម៉ូតូ មានរបៀបរៀបរយល្អ៕


