ក្រសួងធម្មការ ឱ្យគ្រប់វត្តអារាម វាយជួង ទូងស្គរ ទះប៉ោត នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត ស្តីពីការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមទីវត្តអារាមសាសនា នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោង ៩៖០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីណែនាំ កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖

១. ត្រូវសហការជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាមទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឱ្យបានព្រមៗគ្នា។ និង២.ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរ ឱ្យបានឱឡារិកអធិកអធម។

អាស្រ័យហេតុនេះ ក្រសួងក៏សូមលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ចាត់ចែងអនុវត្តសេចក្តីណែនាំនេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។

គម្រោងនេះ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។គម្រោងផ្លូវទឹកថ្មីនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕ អត្ថបទ៖ រង្សី