ប្រទេសអូស្ត្រាលីបានកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគប្រកបដោយគុណភាពនិងចីរភាព ដែលជាកត្តាដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

ថ្មីៗនេះ អូស្ត្រាលីក៏បានរៀបចំសិក្ខាសាលាមួយស្តីពីការបណ្តុះបណ្តាលសមត្ថភាព សម្រាប់មន្ត្រីមកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានការគាំទ្រពី Austrade និងកម្មវិធី CAPRED ។ សិក្ខាសាលានេះបានផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រី CDC ដើម្បីលើកកម្ពស់សក្តានុពលការវិនិយោគរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម និងចំណីអាហារ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងវិស័យអប់រំ។
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញវិនិយោគមកពី Austrade បានចែករំលែកបទពិសោធន៍របស់អូស្ត្រាលី ក្នុងការទាក់ទាញការវិនិយោគប្រកបដោយចីរភាព ចំណេះដឹងអំពីចំណាប់អារម្មណ៍របស់វិនិយោគិន ការអភិវឌ្ឍសំណើរគុណតម្លៃ និងកិច្ចគាំទ្រក្រោយវិនិយោគ។
កិច្ចសហការនេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការគាំទ្រកម្ពុជាដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

សូមបញ្ជាក់ថា កម្ពុជាមានស្ថេរភាព ទាំងសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពនយោបាយ។ ក្រៅពីសុខសន្តិភាព ស្ថេរភាពនិយោបាយ កម្ពុជាមានពលករ កម្មការី មានភាពវ័យក្មេង៦០% ដែលមានអាយុក្រោម៣៥ឆ្នាំ បើធ្រៀបធៀបប្រទេសទាំងអស់នៅតំបន់អាស៊ាន គឺកម្ពុជាក្មេងជាងគេ។ នេះជាហេតុផលមួយចំនួនដែលអ្នកវិនិយោគគួរវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាគឺជាច្រកទ្វារឆ្ពោះទៅរកកំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាមួយនឹងភាពវិជ្ជមានរបស់កម្ពុជា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កម្ពុជាក៏បានទទួលនូវគម្រោងវិនិយោគ សរុបចំនួន៣៧៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ទុនវិនិយោគមកពីប្រទេសចិនស្ថិតនៅលេខរៀងទី១ ដែលមានរហូតដល់ ៥៦,២៣% ខណៈកម្ពុជាស្ថិតនៅលេខរៀងទី២ ក្នុងទុន ២៩,៧៦%៕




