ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ប្រធានាធិបតីបារាំងលោកម៉ាក្រុងថា បារាំងអាចសម្របសម្រួលផ្តល់ឯកសារដល់ ទាំងភាគីកម្ពុជានិងថៃប្រសិនបើចាំបាច់ ជាពិសេសពេលដែលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ)នោះ។

នេះបើតាមការឱ្យដឹងពីលោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្នីសិទសារព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានឱ្យដឹងបន្ថែមថា នៅចំពោះមុខប្រធានាធិបតីបារាំងនាទីក្រុងនីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកយកបញ្ហាព្រំដែនដែលកំពុងតានតឹងជាមួយថៃ ប្រាប់ទៅប្រធានាធិបតីបារាំង ដោយក្នុងគោលបំណងបញ្ជាក់ពីជំហរកម្ពុជាថា កម្ពុជានៅតែបន្តរក្សាសន្តិភាពមិនចង់ធ្វើសង្គ្រាមជាមួយថៃ ហើយកម្ពុជាច្បាស់ណាស់ និងសន្តិវិធី ដោយនឹងយកបញ្ហាតំបន់រសើបទាំង៤ គឺតំបន់ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច ប្ដឹងទៅតុលាការICJ ដោយគ្មានការកែប្រែ ពោលគឺកំពុងដំណើរការឥតងាករេ។
ជាងនេះ លោកថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៅប្រធានាធិបតីបារាំងថា កម្ពុជាក៏បន្តរក្សាទំនងទំនងជាមួយថៃតាមគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍ប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរផងដែរ។

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីបារាំងអេម៉ាណុយ អែល ម៉ាក្រុង បានសន្យាថា បារាំងអាចនឹងផ្តល់ឯកសារនានាដល់ភាគីកម្ពុជា និងភាគីថៃ ប្រសិនបើចាំបាច់ ទាក់ទងនឹងបញ្ហាជម្លោះព្រំដែន ជាពិសេសពេលដែលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJលើសំណុំរឿងតំបន់មុំ៣ ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របីជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក តាន់ ហ្សង់ហ្រ្វង់ស័រ។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋុមន្រ្តីនៃកម្ពុជា បានឆ្លៀតឱកាសជួបថ្នាក់ដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះ មានប្រធានាធិបតី បារាំងលោក ម៉ាណូអែល ម៉ាក្រុង ថ្នាក់ដឹកនាំគុយឌឺវ័រ មេសហគមន៍អឺរ៉ុប បែលហ្សិក និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀត ខណៈកិច្ចជំនួបនោះ គឺដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លើសពីនេះ ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”នាពេលឆាប់ៗខាងមុខនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន