អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT/KTI) នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី៩ ខែតុលានេះ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ កំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦:០០នាទី ដល់ម៉ោង ១២:០០នាទីព្រឹក សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការខាងលើនេះ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំបងប្អូនមេត្តាយោគយល់ ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះនឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។
អាកាសយានដ្ឋានមួយនេះជាអាកាសយានដ្ឋានខ្នាតធំមិនធ្លាប់មាននៅកម្ពុជា ដែលត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ អាកាសយានដ្ឋានលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ សម្រាប់ដំណាក់កាលទី១។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី និងជាអាកាសយានដ្ឋានអន្តរជាតិ ជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក៕





