រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងមកនេះ កម្ពុជាបាននាំចេញស្វាយចន្ទី និងម្រេច ទៅក្រៅប្រទេសមានទឹកប្រាក់ជាង៥០០លានដុល្លារ ហើយគិតត្រឹមរយៈពេល៩ ខែ ដើមឆ្នាំ២០២៥កន្លងទៅកម្ពុជាប្រមូលចំណូលបានពីការនាំចេញស្វាយចន្ទី និងម្រេច សរុបប្រមាណ៨២៩លានដុល្លារ។

នៅក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទីនិងម្រេច ស្តីពីការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប កាលថ្ងៃទី២៣ ខែតុលា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា យោងតាមទិន្ន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញស្វាយចន្ទី និងម្រេចកម្ពុជាមានទឹកប្រាក់៥៣៩លានដុល្លារ។ ដោយឡែកគិតត្រឹម៩ខែឆ្នាំ២០២៥នេះ ការនាំចេញស្វាយចន្ទីនិងម្រេចបានកើនឡើងដល់៨២៩លានដុល្លារ ។ ក្នុងនោះសម្រាប់ស្វាយចន្ទីនៅ៩ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបាន៨០១លានដុល្លារ កើនឡើងជាង៦០% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។
លោកស្រីបន្តទៀតថា ប្រទេសដែលតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជាមានចំនួនច្រើនជាងគេ មានវៀតណាម,អារ៉ាប់ប៊ីអេមីរ៉ាត់រួម, ស្វីស, ចិន និងម៉ាឡេស៊ី។ ដោយឡែកប្រទេសនាំចូលគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាច្រើនជាងគេមាន អារ៉ាប់ប៊ី អេមីរ៉ាត់រួម ប៊ែលហ្សិច ប្រ៊ុយណេ ស្វីស និងប្រទេសអាល្លឺម៉ង់។ ចំពោះម្រេចទីផ្សារគោលដៅសំខាន់របស់កម្ពុជាមានប្រទេសវៀតណាម អង់គ្លេសនិងបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប ដូចជាអល្លឺម៉ង់, បារាំង សាធារណរដ្ឋឆែក ប៊ែលហ្សិច រុស្ស៊ី រួមនិងបណ្តាលប្រទេសផ្សេងទៀតនៅលើពិភពលោក។
ទាក់ទងនិងដំណាំសក្តានុពលទាំងពីរប្រភេទខាងលើ បើតាមលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ តាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម កម្ពុជាមានដំណាំស្វាយចន្ទីមានប្រមាណ៦០ម៉ឺនហិកតា មានបរិមាណផលប្រមាណ១លានតោន, ដំណាំម្រេចមានផ្ទៃដីដាំដុះប្រមាណជាង៧ពាន់ហិកតា មានបរិមាណផលជាង២លានតោន។

លោកបន្តថា ទោះបីជាដំណាំទាំងពីរប្រភេទមានការរីកចម្រើនយ៉ាងណាក្តី ដំណាំទាំងនេះនៅមានបញ្ហាប្រឈមមួយចំនួនដូចជា កសិករមួយចំនួនមិនទាន់បានយល់ច្បាស់ពីបច្ចេកទេស ការថែទាំ ការគ្រប់គ្រងសមាសភាពចង្រៃ ការប្រើប្រាស់ថ្នាំកសិកម្មមិនទាន់មានប្រសិទ្ធភាពជាដើម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីជាច្រើនដើម្បីគាំទ្រលើវិស័យនេះ៖ ១)ជំរុញការប្រើប្រាស់បច្ចេកទេសកសិកម្មល្អដើម្បីធានាឱ្យផលិតផលឱ្យកាន់តែមានគុណភាពខ្ពស់ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យទៅតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និង ២)គាំទ្រការបង្កើតសហគមន៍កសិកម្មទំនើបដើម្បីជួយកសិករឱ្យមានភាពងាយស្រួលក្នុងការប្រមូលផល ការចរចារតម្លៃ និងអនុវត្តស្តង់ដាររួមគ្នា។ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំមួយ មានតម្រូវការខ្ពស់ផលិតផលកសិកម្មដែលមានគុណភាព និងមាននិរន្តរភាព។ ទីផ្សារសហភាពអឺរ៉ុបមិនត្រឹមតែបង្កើនតម្លៃបន្ថែមនិងប្រាក់ចំណូលជូនកសិករ និងអ្នកកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលស្គាល់ជាផ្លូវការនូវគុណភាព របស់កសិផលរកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕



