សម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលជាផ្លូវការ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា  ខណៈក្រប​ខណ្ឌ​យុទ្ធសាស្ត្រនេះ នឹងឈានទៅគាំទ្រដល់សេដ្ឋកិច្ចទីផ្សារ​ដែល​រស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌយុទ្ធសាស្ត្រខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់​មួយ​ដែលផ្អែកលើនីតិរដ្ឋ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី ភាពជាម្ចាស់ ការពារ​សិទ្ធិ​មនុស្ស និងកម្មសិទ្ធិឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារ​ដែល​រស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវ​បំពេញតួនាទីយ៉ាងសំខាន់ជាយន្តការដឹកនាំសម្របសម្រួល និងជំរុញអនុវត្តការ​ងារកែ​ទម្រង់​ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹង​និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធ​ភាព​ច្បាប់។

ជាមួយគ្នានេះ សម្តេចថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញ​តួ​នា​ទី​​ក្នុងការដឹកនាំ ការសម្របសម្រួល គាំទ្រ និងពង្រឹងមុខងារនីតិកម្មនៃក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល ជាមួយនឹងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​បុព្វ​ហេតុនៃការកសាងអត្តសញ្ញណ នៃប្រព័ន្ធច្បាប់កម្ពុជា ការពង្រឹងនិងពង្រីកគុណភាព ប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់កម្ពុជា និងមានវិសាល​ភាព​គ្រប​ដណ្តប់លើការកសាងប្រព័ន្ធច្បាប់កម្ពុជាទាំងមូលនៅលើមាគ៌ានៃការពង្រឹងអភិបាលកិច្ច និងធានាចីរភាពនៃវប្បធម៌នីតិរដ្ឋ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងប​រិ​ការ​ណ៍​ប្រវត្តិសាស្ត្រកម្ពុជាផង។

ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ថែមទាំងបានគូសរំលេចទៀតថា ក្របខ័ណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធី​កែ​ទម្រង់​ច្បាប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបរៀងដោយយកចិត្តទុកដាក់ និង​ពិគ្រោះ​យោបល់គ្រប់ជ្រុងជ្រោយជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយគណៈកម្មាធិការ​ដឹក​នាំ ការកែទម្រង់ច្បាប់ គឺជាមគ្គុទេសក៍បង្ហាញផ្លូវដំបូង ក្នុងការដឹកនាំ គ្រប់គ្រង និង​អនុវត្ត​ការងារទាក់ទងនឹងការកែទម្រង់ច្បាប់ ដោយគណៈ​កម្មាធិការ​ដឹកនាំ​ការកែ​ទម្រង់​ច្បាប់ សំដៅកែទម្រង់ច្បាប់កម្ពុជាឱ្យ ទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខ គតិយុត្ត ស្របតាម​ឧត្តមានុវត្តន៍អន្តរជាតិនិងបរិការណ៍កម្ពុជា៕ អត្ថបទ៖ ហ្សាលីន