សម្តេច ស ខេង អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធចូលរួមផ្តល់ព័ត៌មានពីអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច នៃបណ្ដាប្រទេស ឲ្យបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថាពលរដ្ឋបរទេស មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។

សម្តេចក្រឡាហោម បានលើកឡើងបន្តថា ជាក់ស្ដែងជនទាំងនោះ ត្រូវបានចាត់ឲ្យបម្រើការងារល្បែងស៊ីសង​អន​ឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋ​ជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពី ក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ហាពីក្រុមឧក្រិដ្ឋជន។

គួរបញ្ជាក់ថា គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៦០នាក់ទៅតុលាការ ។

ដោយឡែក ក្នុងសប្ដាហ៍ទី៤ ខែសីហា នេះ សមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ បានសរុបចំនួន០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ មាន ៦ សញ្ជាតិ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់។ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះនិងបង្ក្រាប ៕