បងប្រុសទី១សម្តេចតេជោ មិនបានចូលរួមបញ្ចុះសពសម្តេចឧត្តមទេពញាណ ដោយសារជាប់វះកាត់នៅបាងកក

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល ៤ថ្ងៃហើយ ដែលបងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាព គឺនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង ស្ថិតក្នុងភូមិគ្រឹះនាខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅយប់ថ្ងៃទី ៤ នៃមរណភាពរបស់បងប្រុសទី២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ព្រឹកថ្ងៃស្អែក ៩ ឧសភា ២០២២ ដល់ពេលកំណត់ដែលបងប្រុសទីពីរនិងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែង
សម្រាកចុងក្រោយរបស់គាត់។ បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយ
របស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។

សម្ដេចតេជោបន្តថា នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង៦នាក់របស់យើងនោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។

សម្តេចថ្លៃងបន្ថែមថា ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក ប្រទេសថៃ សុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់? នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ។

សពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

នៅថ្ងៃចន្ទស្អែកនេះ សពសម្តេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕