ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ព្រមទាំងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ការចេញសេចក្តីណែនាំនេះ ធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងជំនួបជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

តាមរយៈសេចក្តីណែនាំនេះ ក្រសួងបានតម្រូវឱ្យអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា (Content Creator) អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយចៀសវាងដាច់ខាតនូវការផលិត ឬផ្សព្វផ្សាយមាតិកា ញុះញង់ បង្កជម្លោះ ជេរប្រមាថ បរិហារកេរ្តិ៍ អាសអាភាស ឬការប្រើប្រាស់បច្ចេកវិទ្យា AI បំភ្លៃព័ត៌មាន។ បន្ថែមពីនេះ ក្រសួងហាមឃាត់ការយករូបរាង រាងកាយ ឬជីវិតឯកជនរបស់ស្ត្រី មកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ (Views) ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្មដែលបន្ទាបបន្ថោកកិត្តិយសស្ត្រី។
ដើម្បីធានាប្រសិទ្ធភាពអនុវត្ត ក្រសួងព័ត៌មាននឹងចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ ចាប់ពីការព្រមាន ការតម្រូវឱ្យលុបមាតិកា រហូតដល់ការពិនិត្យលុបអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។ ក្នុងករណីពិនិត្យឃើញមានសញ្ញានៃបទល្មើស ក្រសួងនឹងបញ្ជូនករណី ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមបង្កើតមាតិកាវិជ្ជមាន និងអប់រំ ដើម្បីកសាងបរិស្ថានព័ត៌មានមួយប្រកបដោយសុវត្ថិភាព និងសីលធម៌ក្នុងសង្គម៕




