Nvidia ក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់លើពិភពលោក មានតម្លៃទីផ្សារលើស ៤ទ្រីលានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានឈានដល់កំណត់ត្រាថ្មីមួយផ្សេងទៀតរបស់ខ្លួន ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅលើពិភពលោក ដែលមានតម្លៃទីផ្សារកើនឡើងលើសពី ៤ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរកាលថ្ងៃទី៩ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបអាមេរិក Nvidia បានកើនឡើងច្រើនជាង ២% នៅចំណុចកំណត់ត្រាថ្មីមួយ ដែលនាំឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន កើនឡើងខ្ពស់ជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានកើនឡើងដល់កម្រិតកំពូលនេះ ភាគហ៊ុនរបស់ Nvidia បានស្រកចុះមកវិញបន្តិច ដោយបច្ចុប្បន្ននេះ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនមានចំនួនប្រមាណជាង ៣,៩ទ្រីលានដុល្លារ។

គួរជម្រាបជូនថា ជុំវិញការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ ហាក់បង្ហាញពីការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្ម AI របស់​ Nvidia ជាពិសេសនៅក្នុងការផ្គត់ផ្គង់បន្ទះឈីបក្រាហ្វិក GPU សម្រាប់បច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលបានធ្វើឲ្យក្រុមហ៊ុននេះ ឡើងគ្រងតំណែងកំពូល ពីលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដូចជា Apple និង Microsoft នៅក្នុងទីផ្សារ៕