អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា អ៊ីរ៉ង់បានបដិសេធលក្ខខណ្ឌ “ដែលអាចបត់បែនបាន” ពីសហរដ្ឋអាមេរិក ខណៈដែលទីក្រុងតេអេរ៉ង់ បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះ “ការទាមទារហួសហេតុពេក” នៅក្នុងពេលនៃការចរចាសន្តិភាព នៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Vance បានប្រាប់អ្នកយកព័ត៌មានមុនពេលចាកចេញពីប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃទី១២ ខែមេសាថា៖”យើងមានការសម្របសម្រួលយ៉ាងខ្លាំង។ ហើយយើងបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែជាអកុសល យើងមិនអាចសម្រេចបានវឌ្ឍនភាពណាមួយឡើយ”។
មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរអំពីលក្ខខណ្ឌដែលអ៊ីរ៉ង់បានបដិសេធ ក្នុងកិច្ចចរចានេះ លោក Vance បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់នៅកិច្ចចរចានេះ គឺការបដិសេធរបស់អ៊ីរ៉ង់ក្នុងការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេ។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា ការចរចាជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថានបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ដោយបញ្ជាក់ថា “ការទាមទារហួសហេតុរបស់ទីក្រុងវ៉ាស៊ីនតោន” បានរារាំងកិច្ចខិតខំប្រឹងប្រែងនេះ។
មិនតែប៉ុណ្ណោះសារព័ត៌មានក្នុងស្រុក Press TV បានរាយការណ៍ថា ក្នុងចំណោមចំណុចនៃការមិនចុះសម្រុងគ្នា គឺបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រ Hormuz និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
ជម្រាបជូនថា គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចរចាអស់រយៈពេល ២១ម៉ោង ដោយបានបញ្ចប់នៅព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ក្នុងនោះប៉ាគីស្ថានបានដើរតួជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចចរចា និងជាអ្នកសម្របសម្រួលផងដែរ៕

