រដ្ឋាភិបាលចិន គ្រោងនឹងច្របាច់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មខ្នាតយក្សចំនួន៣ បញ្ចូលគ្នាតែមួយ

អន្តរជាតិ

រដ្ឋាភិបាលចិន គ្រោងនឹងធ្វើការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មខ្នាតយក្សធំៗចំនួន៣ ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ ឲ្យមកស្ថិតនៅក្នុងការគ្រប់គ្រងតែមួយ ដោយមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព China Investment Corp (CIC) របស់រដ្ឋ ដែលជាផ្នែកមួយនៃផែនការធ្វើកំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេស។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំៗទាំងបីនោះមានដូចជា China Cinda Asset Management, China Orient Asset Management និង China Great Wall Asset Management ដោយពួកគេនឹងត្រូវដាក់បញ្ចូលគ្នាតែមួយ ឲ្យស្ថិតនៅក្នុងការគ្រប់គ្រងរបស់ CIC ជំនួសវិញ ខណ:ពេលដែលក្រសួងហិរញ្ញវត្ថុចិន នឹងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេក្នុងចំណោមក្រុមហ៊ុនធំៗទាំងបីនោះ។

គួរឲ្យដឹងថា ជុំវិញផែនការថ្មីនេះ ត្រូវបានធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការបំបែកតួនាទីរបស់ខ្លួនជានិយតករ និងជាម្ចាស់ភាគហ៊ុននៃស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយរដ្ឋ។

ជម្រាបជូនទៀតផងដែរថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលកំពុងមានភាពយឺតយ៉ាវ និយតករចិន កំពុងព្យាយាមស្វែងរកវិធីទប់ស្កាត់ហានិភ័យដែលអាចកើតមានឡើង នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុដែលមានតម្លៃប្រមាណ ៦៣ទ្រីលានដុល្លាររបស់ប្រទេសខ្លួន ចំពេលមានការកើនឡើងខ្លាំងនៃបំណុលរបស់រដ្ឋាភិបាលក្នុងស្រុក និងវិបត្តិនៅក្នុងវិស័យអចលនទ្រព្យដែលមិនទាន់ដោះស្រាយចេញ ៕