ចិន ពិចារណាទិញយន្តហោះក្រុមហ៊ុនបារាំង Airbus រាប់រយគ្រឿង ចំពេលមានភាពតានតឹងជាមួយអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ចិន កំពុងពិចារណាបញ្ជាទិញយន្តហោះក្រុមហ៊ុនបារាំង Airbus រាប់រយគ្រឿង ឲ្យបានឆាប់រហ័សបំផុតនៅខែក្រោយ នៅពេលដែលមេដឹកនាំអឺរ៉ុប គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីអបអរសារទរទំនាក់ទំនងយូរអង្វែងរវាងភាគីទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បាននិយាយទៀតថា ការពិភាក្សាកំពុងស្ថិតនៅក្នុងដំណើរការ ជាមួយក្រុមហ៊ុនកាសចរណ៍ចិន អំពីទំហំនៃការបញ្ជាទិញដ៏មានសក្តានុពលមួយ។ ហើយចំពោះកិច្ចព្រមព្រៀងនេះ អាចនឹងពាក់ព័ន្ធទៅនឹងការបញ្ជាទិញយន្តហោះប្រហែល ៣០០ គ្រឿង ដោយក្នុងនោះរួមបញ្ចូលទាំងម៉ូដែលតួខ្លួនតូចចង្អៀត និងតួខ្លួនធំទូទាយ ផងដែរ។​

មិនតែប៉ុណ្ណោះ យោងតាមប្រភពដដែលបានដឹងពីបញ្ហានេះ បាននិយាយទៀតថា ការចរចាកំពុងបន្ត ហើយអាចនឹងមិនត្រូវរូវគ្នា ឬចំណាយពេលយូរជាងនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀង។ ប៉ុន្តែខាងក្រុមហ៊ុន Airbus បានបដិសេធមិនការធ្វើអត្ថាធិប្បាយណាមួយនៅឡើយនោះទេ ខណ:តំណាង​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន​ ក៏មិន​បាន​ឆ្លើយតប​នឹង​សំណើ​ពាក់ព័ន្ធទៅនឹងបញ្ហានេះ ផងដែរ។

យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបារាំង Airbus នេះ អាចជាការផ្ញើសារមួយសម្រាប់លោក ស៊ី ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណ:ពេលដែលភាពតានតឹងពាណិជ្ជកម្ម កំពុងតែបន្ត។

ជម្រាបជូនថា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីនៃប្រទេសអាល្លឺម៉ង់ លោក Friedrich Merz ស្ថិតក្នុងចំណោមមេដឹកនាំអឺរ៉ុបផ្សេងទៀត ដែលអាចនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងខែកក្កដា ដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងសហភាពអឺរ៉ុប។ បារាំង និងអាល្លឺម៉ង់ គឺជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Airbus ៕