ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៩ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ៥០% លើការនាំចូលទំនិញទាំងអស់ពីប្រេស៊ីល បន្ទាប់ពីមានជម្លោះពាក្យសម្តី បានកើតឡើងនៅក្នុងសប្តាហ៍នេះ ក្រោយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ប្រាប់លោក ត្រាំ ថា ពិភពលោកនេះ មិនត្រូវការអធិរាជឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងលិខិតមួយដែលបានផ្ញើទៅកាន់រដ្ឋាភិបាលប្រេស៊ីល លោក ត្រាំ បានភ្ជាប់ទៅជាមួយសារបង្ហាញពីការដាក់ពន្ធគយថ្មី រួមទាំងការប្រព្រឹត្តរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលកំពុងត្រូវបានកាត់ទោសលើការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារដើម្បីបញ្ឈប់ លោក Lula ពីការចូលកាន់តំណែង នៅឆ្នាំ២០២៣។
ក្នុងលិខិតនោះ បាននិយាយថា ការយកពន្ធគយខ្ពស់ ត្រូវតែដាក់ ដោយសារតែការវាយប្រហារដ៏អាក្រក់របស់ប្រេស៊ីលលើការបោះឆ្នោតដោយសេរី និងសិទ្ធិនិយាយដោយសេរីជាមូលដ្ឋានរបស់ជនជាតិអាមេរិក។
យ៉ាងណាមិញ ជាការឆ្លើយតប ជុំវិញការប្រកាសរបស់លោក ត្រាំ នេះប្រធានាធិបតីប្រេស៊ីល លោក Lula បាននិយាយថា ពន្ធថ្មីរបស់សហរដ្ឋអាមរិក នឹងត្រូវឆ្លើយតបជាមួយនឹងវិធានការពន្ធបដិការ ត្រលប់ទៅវិញ។
ជម្រាបជូនថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ប្រេស៊ីល បន្ទាប់ប្រទេសចិន ហើយការប្រកាសដាក់ពន្ធ ៥០% នេះ គឺបានកើនឡើងយ៉ាងច្រើន បើធៀបទៅនឹង ១០% ដែលត្រូវបានប្រកាស កាលពីដើមខែមេសាកន្លងទៅ។ លិខិតរបស់លោក ត្រាំ បាននិយាយថា ពន្ធ ៥០% នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ហើយនឹងត្រូវអនុវត្តចំពោះគ្រប់វិស័យទាំងអស់៕

