អាមេរិក ដាក់ពន្ធប្រេស៊ីល ៥០%​ ក្រោយមេដឹកនាំប្រទេសទាំងពីរទាស់ទែងសម្តីគ្នា​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាននិយាយកាលពីថ្ងៃទី៩​ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ៥០%​ លើការនាំចូលទំនិញទាំងអស់ពីប្រេស៊ីល បន្ទាប់ពីមានជម្លោះពាក្យសម្តី បានកើតឡើងនៅក្នុងសប្តាហ៍នេះ​ ក្រោយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ប្រាប់លោក ត្រាំ ថា ពិភពលោកនេះ​ មិនត្រូវការអធិរាជឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតមួយ​ដែលបានផ្ញើទៅកាន់រដ្ឋាភិបាលប្រេស៊ីល លោក ត្រាំ​ បានភ្ជាប់ទៅជាមួយសារបង្ហាញពីការដាក់ពន្ធគយថ្មី រួមទាំងការប្រព្រឹត្តរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលកំពុងត្រូវបានកាត់ទោសលើការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារដើម្បីបញ្ឈប់ លោក​ Lula ពីការចូលកាន់តំណែង​ នៅឆ្នាំ២០២៣។

ក្នុងលិខិតនោះ​ បាននិយាយថា ការយកពន្ធគយខ្ពស់ ត្រូវតែដាក់ ដោយសារតែការវាយប្រហារដ៏អាក្រក់របស់ប្រេស៊ីលលើការបោះឆ្នោតដោយសេរី​ និងសិទ្ធិនិយាយដោយសេរីជាមូលដ្ឋានរបស់ជនជាតិអាមេរិក។

យ៉ាងណាមិញ ជាការឆ្លើយតប ជុំវិញការប្រកាសរបស់លោក ត្រាំ នេះ​ប្រធានាធិបតីប្រេស៊ីល លោក Lula បាននិយាយថា ពន្ធថ្មីរបស់សហរដ្ឋអាមរិក នឹងត្រូវឆ្លើយតបជាមួយនឹងវិធានការពន្ធបដិការ ត្រលប់ទៅវិញ។

ជម្រាបជូនថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ប្រេស៊ីល បន្ទាប់ប្រទេសចិន ហើយការប្រកាសដាក់ពន្ធ ៥០%​ នេះ​ គឺបានកើនឡើងយ៉ាងច្រើន បើធៀបទៅនឹង ១០%​ ដែលត្រូវបានប្រកាស កាលពីដើមខែមេសាកន្លងទៅ។ លិខិតរបស់លោក ត្រាំ​ បាននិយាយថា ពន្ធ ៥០%​ នេះ​ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ហើយនឹងត្រូវអនុវត្តចំពោះគ្រប់វិស័យទាំងអស់៕​