បារាំង ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាព

សង្គម​ និង​សេដ្ឋកិច្ច

លោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង បានសង្កេតឃើញអំពីសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា ខណៈលោកថា បារាំង ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាព សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរ។ លោកលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស​ភា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសជំនួបនេះ លោក Jacques PELLET បានអះអាងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យវេជ្ជសាស្រ្ត ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ យោធា ទឹកស្អាត បេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះ នឹងជួយជំរុញសក្តានុពលដែលភាគីកម្ពុជា-បារាំង អាចធ្វើការរួមគ្នាក្នុងការលើកកម្ពស់បន្ថែម។

ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយលោកបានបញ្ជាក់ថា លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។

ជាការឆ្លើយតប សម្តេចតេជោ បានលើកឡើងថា វត្តមានរបស់សម្តេចនៅទីក្រុងប៉ារីស មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាបំណងប្រាថ្នារបស់សម្តេច ហើយជាភាពជិតស្និទ្ធក៏កម្រមួយដែលលោកប្រធានាធិបតី ម៉ាក្រុង ផ្តល់ជូនសម្តេច។ ចាប់តាំពីពេលនោះ សម្តេចថា សម្តេច និងលោកប្រធានាធិបតី ម៉ាក្រុង បាន ធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាជាបន្តបន្ទាប់មក ហើយលោកប្រធានាធិបតីម៉ាក្រុង ក៏បានជម្រាបថា លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅឆ្នាំ២០២៦។

នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីវិញ សម្តេចតេជោ បានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដែលជាសក្តានុពលសម្រាប់គាំទ្រភាសាបារាំង ដែលនៅក្នុងនោះរួមមានវិស័យសុខាភិបាល ច្បាប់ និងការបណ្តុះបណ្តាលភាសាបារាំងជាដើម។ សម្តេច ក៏បានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។

ក្រៅពីនេះ សម្តេច បានបញ្ជាក់ជាថ្មីថា គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី គឺតាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ខណៈសម្តេចតេជោ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតីន្លងមកផងដែរ៕ អត្ថបទ៖ហ្សាលីន