បណ្ឌិតសភាចារ្យ ភឿង សកុណា ៖ ការចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយប្រទេសថៃ កំពុងបង្ករជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់

សង្គម​ និង​សេដ្ឋកិច្ច

នៅចំពោះមុខគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយប្រទេសថៃ កំពុងបង្ករជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងបទអន្ដរាគមន៍ផ្លូវការ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា «ព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ»។

លោកជំទាវបន្ដថា «ថ្ងៃនេះ យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល»។

លោកជំទាវបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា « ទោះបីយើងខ្ញុំបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅត បន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់ផងដែរ៕