ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបញ្ជាក់ហេតុផលចំនួន៤យ៉ាង ដែលប្រទេសធំៗជាង១០០ប្រទេសនៅលើពិភពលោក យកធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំច្បាប់ដើម្បីដកហូតសញ្ជាតិ។
ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ បានបញ្ជាក់ថា លោកបានរកឃើញហេតុផលធំៗ៤ដែលប្រទេសនីមួយៗ គាត់យកមូលហេតុ១ ឬមូលហេតុក្នុងចំណោមទាំង៤ យកទៅចែកក្នុងច្បាប់ដើម្បីដកហូតសញ្ជាតិ។

លោករដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបញ្ជាក់ថាហេតុផលទាំង៤នោះរួមមាន៖ ទី១, ការប្រព្រឹត្ដិអំពើក្បត់ជាតិ។ លោកបញ្ជាក់ថា ក្នុងចំណុចនេះ ស្ទើតែគ្រប់ប្រទេសទាំងអស់បានចែងដើម្បីដកសញ្ជាតិ។ ទី២, អំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្ដិសុខជាតិ ដូចជាអំពើភេរវកម្ម និងអំពើវិទ្ធង្សនាជាដើម។
លោកបានបន្ថែមថា ចំណុចទី៣, គឺអំពើដែលបង្ហាញភាពមិនស្មោះត្រង់។ ចំណុចនេះមានន័យថា នៅពេលបុគ្គលណាមួយ ជាពលរដ្ឋប្រទេសមួយ ប៉ុន្ដែបែរជាទៅធ្វើយោធា បម្រើផលប្រយោជន៍ឱ្យប្រទេសណាមួយផ្សេងទៀត។ ទី៤, អំពើដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្នូលនៃប្រទេសជាតិ។ លោក កើត រិទ្ធិ ពន្យល់ថា ចំណុចនេះ គឺកើតមានជាក់ស្ដែងនៅកម្ពុជា ដែលបុគ្គលណាប្រព្រឹត្ដផ្ទុយនឹងមាត្រា ៤៩ថ្មីជាដើម។
ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ បានបញ្ជាក់ថា នៅកម្ពុជា ការរៀបចំច្បាប់ដកសញ្ជាតិនេះធ្វើឡើងដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង៕

