អ្នកឧកញ៉ា ឧកញ៉ាៗរូបណាខ្លះ ចូលរួមកិច្ចប្រជុំរដ្ឋសភា ពិភាក្សាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃសុក្រនេះ?

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដោយពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាចំនួន ១២៥ អង្គ/រូប ក្នុងនោះក៏មានវត្តមាន អ្នកឧកញ៉ា ឧកញ៉ាមួយចំនួនរួមមាន អ្នកឧកញ៉ា សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ, ឧកញ៉ា លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និង ឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ផងដែរ។

រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ ក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានពីរមាត្រា។ មាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគំាពារ។ ការទទួលសញ្ជាតិខ្មែរនិងការបាត់សញ្ជាតិខ្មែរ ដោយរួមទំាងការដកសញ្ជាតិខ្មែរត្រូវបានកំណត់ក្នុងច្បាប់។

អង្គរដ្ឋសភាបានពិភាក្សា អនុម័ត សេចក្តីស្នើវិសោធនកម្ម តាមនីតិវិធី ដោយបានពិភាក្សា ផ្តល់យោបល់យ៉ាងល្អិតល្អន់ ពីតំណាងរាស្រ្តហត្ថលេខី តំណាងរាជរដ្ឋាភិបាល គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាពីសមាជិកសមាជិការដ្ឋសភា មុនអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទំាងមូលជាឯកច្ឆន្ទ ដោយសំឡេងគំាទ្រ ១២៥លើ១២៥ សំឡេង។

សូមជម្រាបថា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។

ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាតិ។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អុីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕