កម្ពុជា លើកទឹកចិត្ត ទូតតួកគីយ៉េ ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរណ៍ ពីតួកគីយ៉េ មកកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតថ្មីតួកគីយ៉េ ប្រចាំនៅកម្ពុជា សំដៅជួយជំរុញបន្ថែមកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ បច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណើរបស់សម្តេចប្រធានរដ្ឋសភាបានលើកឡើងនៅក្នុងឱកាសដែលសម្តេចទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ មានការវិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ និងបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងសងខាង។ ទំនាក់ទំនង ការផ្លាស់ប្តូរ ការធ្វើអន្តរកម្ម និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី បានប្រព្រឹត្តទៅជាញឹកញាប់ ដោយផ្តោតលើការគោរពគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចរដ្ឋសភា បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរដែលមានរយៈពេលជិត ៧ ទសវត្សរ៍មកនេះ បានចាក់ឫសដោយផ្អែកលើការជឿទុកចិត្តគ្នា ដោយផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។ ដូចនេះ យើងត្រូវបន្តជំរុញកម្លាំងចលករដ៏ល្អនេះ តាមរយៈការផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូលក្នុងគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់យើង។

កម្ពុជា និងតួកគីយ៉េ មានគុណតម្លៃរួមជាច្រើន ក្នុងនោះគឺការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម។ ប្រទេសយើងទាំងពីរតែងតែប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។

គួរឱ្យដឹងថាជាកត់សម្គាល់ នៅក្នុងរយៈពេលចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីយ៉េ បានកើនឡើងដល់ ៧០ លានដុល្លារ។ ប្រធានរដ្ឋសភាកម្ពុជា មានជំនឿយ៉ាងមុតមាំថា ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មី នឹងពិនិត្យសក្តានុពលនៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជា និងតួកគីយ៉េ ទទួលបានផ្លែផ្កាកាន់តែច្រើនពីទំនាក់ទំនងដ៏ល្អនេះ៕