ស្រុកគងពិសី និងស្រុកសំរោងទង នៃទឹកដីខេត្តកំពង់ស្ពឺ នឹងទទួលបានគម្រោងរោងចក្រថ្មី ក្រោមទុនវិនិយោគជិត២០លានដុល្លារអាមេរិក នាពេលខាងមុខ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តរួចរាល់ហើយ។

យោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក ក្នុងទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។
ទន្ទឹមគ្នានេះ CDC ក៏បានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីលោហៈ ក្នុងទំហំទុនវិនិយោគប្រមាណ ៩,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែងថែមទៀតផងដែរ។
សូមរម្លឹកដែរថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។នេះបើតាមបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងនៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)នាខេត្តហ្វូជៀន ប្រទេសចិន កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន


