សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាង និងធ្វើទំនើបកម្ម វិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែគឺដើម្បីការពារជាតិពីការឈ្លានពានណាមួយ។

នេះបើយើងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ។
នាឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ បានចារិក និងចងចាំ អំពីការតស៊ូ ពលិកម្មនៃការតស៊ូរបស់កងរាជអាវុធហត្ថ ក្នុងការការពារជាតិ បូរណភាពទឹកដី និងព្រះមហាក្សត្រ និងជួយសង្គ្រោះដល់ពលរដ្ឋក្នុងករណីគ្រោះមហន្តរាយនានាជាដើម។

ទន្ទឹមគ្នានេះ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា ការធ្វើទំនើបកម្មវិស័យកងទ័ពមានបីយ៉ាង គឺទីមួយការធ្វើទំនើបកម្មរចនាសម្ព័ន្ធ, ទីពីរ ទំនើបកម្មការកសាងធនធានមនុស្ស និងទីបីការធ្វើទំនើបកម្មគ្រឿងបំពាក់, ឧបករណ៍បំពាក់។សម្តេចបន្ថែមថា ការកសាង និងធ្វើទំនើបកម្ម វិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរបស់យើងពីការឈ្លានពានរបស់បរទេស។
ជាថ្មីម្តទៀតឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានជំរុញឱ្យក្រសួងការពារជាតិ, អគ្គមេបញ្ជាការពិនិត្យមើលផងដែរ លើការជំរុញក្រុមស្រាវជ្រាវ និងទំនើបកម្ម លើទីចាត់ការហ្វឹកហ្វឺនកងទ័ព ខណៈបច្ចុប្បន្នបច្ចេកវិទ្យានៅលើពិភពលោក មានការទំនើប និងជឿនលឿនណាស់។ហេតុនេះ ការធ្វើទំនើបកម្ម គឺជាគ្រឹះសំខាន់ ដែលអាចឈានទៅធ្វើការពង្រឹងបន្ថែមលើវិស័យយោធា និងការពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំថែមទៀត៕ អត្ថបទ៖ ហ្សាលីន

