សម្ដេចតេជោ ប្រាប់ស្ថានទូតកូរ៉េខាងត្បូងថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉ លោកPARK Jung-Wook នៅក្នុងជំនួបកាលព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពទាំងឡាយ ដែលឯកអគ្គរដ្ឋទូតកូរ៉េបានខិតខំជំរុញ និងបានបញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។

សម្តេចបានរំលេចថា ស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង ខណៈជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់។ សម្តេចបន្តថា កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតកូរ៉េ បានរំលេចថា កម្ពុជាមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហើយកម្ពុជាបានក្លាយជាដៃគូជិតស្និទ្ធមួយរបស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងន័យនេះ លោកពិតជាមានមោទនភាពដែលបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក ក៏បានលើកឡើងអំពីសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបាន ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោងនានា ក្រោមកម្ចី ODA រួមទាំងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាដើម។ លោកថា វឌ្ឍនភាពទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការរួមចំណែក និងគាំទ្រពីភាគីកម្ពុជា។

សូមជម្រាបដែរថា ការនាំចេញចូលទំនិញរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ រយៈពេល៦ខែ ឆ្នាំ២០២៥នេះ សម្រេចបានទំហំទឹកប្រាក់ ៣០,៥ពាន់លានដុល្លារ កើនឡើង១៧,២%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រចបានជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២% រីឯការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨%។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ហ្សាលីន