យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលម្នាក់ ដែលបាននិយាយថា ក្រុមហ៊ុនអវកាស SpaceX ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដាក់ឲ្យដំណើរការសេវាកម្មអ៊ីធឺណិតតាមផ្កាយរណប Starlink នៅក្នុងប្រទេសវៀតណាម ចាប់ពីត្រីមាសទី៤ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

លោក Pham Duc Long អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនង បាននិយាយថា៖” ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មានគោលបំណងផ្តល់អាជ្ញាប័ណ្ណដល់ការសាកល្បងសេវាកម្មអ៊ីនធឺណិតតាមរយ:ផ្កាយរណប ក្នុងគន្លងកម្រិតទាប បន្ទាប់ពីវិនិយោគិន បានបញ្ចប់នីតិវិធីវិនិយោគ និងបង្កើតនីតិបុគ្គល នៅក្នុងប្រទេសវៀតណាម ជាមួយនឹងគោលដៅនៃការដាក់ពង្រាយសេវាកម្មរបស់ពួកគេ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៥ នេះ”។
យ៉ាងណាមិញ បើតាមរបាយការណ៍ពីកាសែតក្នុងស្រុក Tuoi Tre បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កំពុងធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីបញ្ចប់នីតិវិធីដែលតម្រូវឲ្យបង្កើតអង្គភាពគ្រប់គ្រងទាំងស្រុង នៅក្នុងប្រទេសវៀតណាម។
ជម្រាបជូនផងដែរថា កាលពីខែមីនា រដ្ឋាភិបាលវៀតណាម បាននិយាយថាខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាកម្មរបស់ខ្លូន នៅក្នុងប្រទេស តាមមូលដ្ឋានសាកល្បង ដោយគ្មានការកំណត់កម្មសិទ្ធបរទេស។ ហើយចំពោះរយ:ពេលសាកល្បងនេះនឹងមានសុពលភាពរហូតដល់ចុងឆ្នាំ២០៣០៕

