លោក Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។

លោកបានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២២០២៥ នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ បានលើកឡើងថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។
លោកបានបន្តថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ លោកបានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានចង្អុលបង្ហាញអំពីវិស័យដែលលោកសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី អាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះគឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលលោកសមាជិកក្រុមប្រឹក្សាបាននិងកំពុងរួមចំណែក។
ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១) ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២) ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕




