ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA ENGINEERING Co.,Ltd មានគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា(SWaPMIP) លើខេត្តចំនួន៣។

គម្រោងនេះត្រូវបានរៀបចំកិច្ចប្រជុំលើកដំបូង (Kick-off Meeting) រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA ENGINEERING Co.,Ltd កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
បើតាមក្រសួងសាធារណការ កិច្ចប្រជុំនេះ រៀបចំក្នុងគោលបំណងដើម្បីពិភាក្សាលើកដំបូង (Kick-off Meeting) ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA ENGINEERING Co.,Ltd របស់គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា(SWaPMIP)។
គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្នុងខេត្តចំនួន៣ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗ ដែលក្រសួងបរិស្ថានបានដាក់ចេញឱ្យមានភាពស្អាត គ្មានសំរាម សំណល់ប្លាស្ទិក រាយប៉ាយតាមទីសាធារណៈ។
លើសពីនេះ ក៏ស្របតាមគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ ដែលមានចក្ខុវិស័យ រួមចំណែកធ្វើឱ្យកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស និង មានគោលបំណង រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជនមានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាព ធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម៕

