លោកជំទាវអភិបាលខេត្តកោះកុង អមដំណើរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចុះទទួលពលករខ្មែរ១៦នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនលើដែនសមុទ្រ ដាក់ឃុំឃាំងរយៈពេលច្រើនខែ

ជុំវិញ​ឧកញ៉ា

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ចុះទទួលពលករខ្មែរចំនួន១៦នាក់ នៅខេត្តកោះកុង ដែលធ្វើនេសាទលើផ្ទៃសមុទ្រ និងត្រូវបានសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនដាក់ឃុំឃាំងរយៈពេលយូរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្រោយទទួលបានរបាយការណ៍ពីរដ្ឋបាលក្រុងខេមរៈភូមិន្ទ ថាមានប្រជាពលរដ្ឋកម្ពុជាចំនួន ១៦រូប កំពុងត្រូវបានសមត្ថកិច្ចថៃចាប់ឃុំឃាំង លោកជំទាវបានរាយការណ៍ជូនដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បន្ទាប់មក សម្តេចធិបតី បានចេញបញ្ជារឱ្យរដ្ឋបាលខេត្ត និងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ធ្វើការសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យដោះលែងពលរដ្ឋកម្ពុជា មកស្រុកកំណើតវិញ។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង១៦នាក់នេះ គឺរស់នៅក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ហើយបានធ្វើការនេសាទខុសច្បាប់នៅទឹកដីថៃ ដោយពួកគាត់ពុំបានដឹងច្បាប់។ ពលរដ្ឋខ្មែរ១៦រូបនេះ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនដាក់ឃុំរយៈពេល ៦ខែ និងបានជាប់ឃុំរយៈពេលជាង ១ខែមកហើយ មុននឹងត្រូវបានសម្របសម្រួលឱ្យដោះលែងមកវិញនេះ។

លោកជំទាវ មិថុនា ភូថង បានបង្ហោះសារ កាលពីថ្ងៃទី១៥ ខែកក្កដា បែបនេះថា៖ “ថ្ងៃនេះនាងខ្ញុំមានក្តីរីករាយ បានមកទទួលពលករខ្មែរចំនួន១៦រូប ដែលសមត្ថកិច្ចថៃបានឃាត់ខ្លួន នាពេលកន្លង និងបានមកដល់ទឹកដីកំណើតវិញដោយសុវត្ថិភាព។ នាងខ្ញុំ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដើម្បីមកទទួលពលករខ្មែរចំនួន១៦នាក់ ដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនឃុំនៅខេត្តត្រាត ប្រទេសថៃ នាពេលកន្លងមក”។

ក្នុងឱកាសដ៏ពិសេសនេះ បងប្អូនប្រជាពលករ ទាំង១៦នាក់ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយជ្រុំជ្រែង និងអនុញ្ញាតជូន លោកអ្នកឧកញ៉ា លី យ៉ុងផាត ដឹកនាំសម្របសម្រួលធ្វើកិច្ចការនេះរហូតទទួលបានភាពជោគជ័យ៕