នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន មានចំណែកទទួលខុសត្រូវជាមួយលោកស្រី អ៊ុង អ៊ីន ពាក់ព័ន្ធការសុំឱវាទ តាមទូរស័ព្ទជាមួយសម្តេចតេជោ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន មានចំណែកទទួលខុសត្រូវជាមួយលោកស្រី អ៊ុង អ៊ីន ពាក់ព័ន្ធការសុំឱវាទ តាមទូរស័ព្ទជាមួយសម្តេចតេជោកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អ៊ីន កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ គឺតបទៅនឹងលោកនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ។

ពាក់ព័ន្ធរឿងនេះ សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា៖« មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ»។

សម្តេចតេជោ ក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា៖«បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?»។

ជាក់ស្តែងសម្តេចថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?

សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋសម្តេចថា ស្គាល់ច្បាស់ណាស់ ព្រោះសម្តេចដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។

សម្តេចបន្តថា៖«កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឱ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អ៊ីន កន្លងមក»។

ជាថ្មីម្តងទៀត សម្តេច ក៏បានជូនពរលោកនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឱ្យបានយូរបន្តិច៕អត្ថបទ៖​ហ្សាលីន