វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់ លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសអង់គ្លេសមកកម្ពុជាវិញ។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន៧៤រូប ពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងពិធីប្រោះព្រំទទួលស្វាគមន៍វត្ថុបុរាណខ្មែរត្រឡប់ចូលមាតុភូមិនេះ មានការនិមន្តអញ្ជើញចូលរួមពីសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីលោកអ្នកឧកញ៉ា ភាព ហៀក សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី អគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង ថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនផងដែរ។

ក្រសួងវប្បធម៌ បានឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារលោក ឡាចហ្វដជាផ្លូវការហើយ។

ក្រសួងវប្បធម៌ បញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារលោក ឡាចហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។

សូមជម្រាបដែរថា ក្រសួងវប្បធម៌ បានរៀបចំពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទើបបញ្ជូនត្រឡប់ពីប្រទេសអង់គ្លេសមកកម្ពុជាវិញទាំង៧៤រូបនេះ ភាគច្រើនជារូបបដិមាព្រះ គ្រឿងអលង្ការ និងសម្ភារប្រើប្រាស់បុរាណ ដែលធ្វើពីថ្ម និងលោហៈ។ ក្រោយបញ្ចប់ពិធីប្រោះព្រំនេះ ក្រសួងនឹងរក្សាទុកវត្ថុបុរាណទាំងអស់នេះ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនាបាន។


















