មេធំ Oracle ឡើងគ្រងតំណែងថៅកែ Facebook នាមជាមហាសេដ្ឋីមានដាច់គេទី២ លើលោក

អន្តរជាតិ

លោក Larry Ellison ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនសូហ្វវែរខ្នាតយក្ស Oracle កាលពីពេលថ្មីៗនេះ បានវ៉ាដាច់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ក្នុងនាមជាមហាសេដ្ឋីមានដាច់គេទី០២ លើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានរាយការណ៍ថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Ellison មានចំនួនសរុបប្រមាណ ២៥១ពាន់លានដុល្លារ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក បានកើនឡើងចំនួន ៥៩ពាន់លានដុល្លារ នៅឆ្នាំនេះ។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងគួរឲ្យកត់សម្គាល់នេះ​ ត្រូវបានកើតឡើងបន្ទាប់ពីភាគហ៊ុនរបស់ Oracle បានហក់ឡើង ៥,៧% កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីមានដំណឹងថា សហរដ្ឋអាមេរិក គ្រោងនឹងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតបន្ទះឈីប Nvidia និង Advanced Mico Devices Inc. នាំចេញឧបករណ៍បន្ទះឈីប semiconductors មួយចំនួនទៅកាន់ប្រទេសចិន ឡើងវិញ។

កាលពីខែមុន លោក Ellison បានបន្ថែមទឹកប្រាក់ដល់ទៅ ២៦ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់ខ្លួន ដោយសារតែការកើនឡើងនៃភាគហ៊ុនរបស់ Oracle ។

ជម្រាបជូនថា លោក Ellison បានឡើងងារជាមហាសេដ្ឋី ចាប់តាំងពីឆ្នាំ១៩៩៣ មកម្លេះ ដោយចំណូលចម្បងរបស់លោកទទួលបានពីការកាន់កាប់ភាគហ៊ុនប្រមាណ ៨០% នៅក្នុងក្រុមហ៊ុន Oracle៕​