ទីបំផុត CEO ក្រុមហ៊ុនមេ Google ឡើងងារជាមហាសេដ្ឋី ក្រោយដឹកនាំក្រុមហ៊ុនជិត ១០ឆ្នាំ

អន្តរជាតិ

លោក Sundar Pichai នាយកប្រតិបតិ្តក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google កាលពីពេលថ្មីៗនេះ ត្រូវបានគេរាប់បញ្ចូលក្នុងបញ្ជីឈ្មោះមហាសេដ្ឋី បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ១,១ពាន់លានដុល្លារ ក្រោយដឹកនាំក្រុមហ៊ុនយក្សអាមេរិក ជិត ១០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការហក់ឡើងខ្ពស់នៃទ្រព្យសម្បត្តិរបស់លោក Pichai ត្រូវបានជំរុញដោយការកើនឡើងនៃភាគហ៊ុន នាពេលថ្មីៗនេះ របស់ក្រុមហ៊ុន Alphabet ។

ភាគហ៊ុនរបស់ Alphabet បានកើនឡើងដល់ ៤,១% នៅក្នុងការជួញដូចចុងក្រោយកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការកើនឡើងនូវប្រាក់ចំណូល និងប្រាក់ចំណេញល្អប្រសើរជាងការរំពឹងទុក សម្រាប់ត្រីមាសទីពីរ។

គួរឲ្យដឹងថា លោក Pichai កាន់កាប់ភាគហ៊ុនប្រមាណ ០,០២% នៅក្នុង Alphabet ដែលមានតម្លៃសរុបប្រហែល ៤៤០លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ ប្រភពចំណូលជាចម្បងរបស់លោក ភាគច្រើនទទួលបានពីការលក់ភាគហ៊ុន និងប្រាក់បៀវត្សរ៍ផ្អែកលើលទ្ធផលដែលលោកទទួលបានពីការដឹកនាំក្រុមហ៊ុន នៅក្នុងរយ:ពេលជិត ១០ឆ្នាំកន្លងមក។

ជម្រាបជូនផងដែរថា លោក Pichai បានចូលរួមជាមួយ Google ក្នុងឆ្នាំ២០០៤ ។ លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុន នៅក្នុង​ឆ្នាំ២០១៥ ខណៈ​ដែល​ក្រុមហ៊ុន​បាន​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Alphabet ដែល​ទើប​បង្កើត​ថ្មី៕