នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ា លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ, ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប បានចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។

ដំណើរចុះសួរសុខទុក្ខនេះ គឺជាឱកាសដ៏មានអត្ថន័យសម្រាប់ការជួបជុំ សំណេះសំណាល ដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងស្វែងយល់ពីការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ជំនួបដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ បានឆ្លុះបញ្ចាំងពីភាពជិតស្និទ្ធ ការយកចិត្តទុកដាក់ និងការចែករំលែករវាងគ្នាទៅវិញទៅមក។
ក្នុងនោះក៏បានបង្ហាញពីស្មារតីសាមគ្គីភាព និងទឹកចិត្តខ្មែរជួយខ្មែរ ដែលតែងតែឈរនៅក្បែរគ្នា យកចិត្តទុកដាក់ចំពោះគ្នា និងរួមគ្នាឆ្លងកាត់គ្រប់កាលៈទេសៈ ភាពជាបងប្អូននៃមហាគ្រួសារខ្មែរ។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងគ្រប់កាលៈទេសៈ៕











