ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ ទិញយន្តហោះអគ្គីសនី ៥គ្រឿង តម្លៃ៥០លានដុល្លារ បម្រើសេវាកម្មដឹកទេសចរក្នុងស្រុក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ បានចុះកិច្ចព្រមព្រៀងទិញយន្តហោះអគ្គីសនីចំនួន ៥គ្រឿង តម្លៃប្រមាណ ៥០លានដុល្លារអាមេរិក ពីក្រុមហ៊ុន Elfly ប្រទេសន័រវេស ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមរយៈយន្តហោះអគ្គីសនីនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យការតភ្ជាប់ប៉ូលទេសចរណ៍នៅក្នុងស្រុកកាន់តែប្រសើរពីតំបន់បឹងទន្លេសាប តំបន់សមុទ្រ តំបន់ឥសាន និងរាជធានីភ្នំពេញ។ យន្តហោះអគ្គីសនី ម៉ាក NOEMI មានតម្លៃសរុប ៥០លានដុល្លារអាមេរិក ហើយនឹងត្រូវដាក់ឱ្យដំណើរការក្រោមឈ្មោះរបស់អាកាសចរណ៍កម្ពុជា VETAirways ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឱ្យដឹងថា យន្តហោះអគ្គីសនីនេះ មួយគ្រឿងអាចផ្ទុកអ្នកទេសចរបានចំនួន ២០នាក់ ហើយវានឹងមកដល់ប្រទេសកម្ពុជា ក្នុងរង្វង់ប្រហែល ៤ឬ៥ឆ្នាំក្រោយ។

«ដោយសារជាយន្តហោះថ្មី ដូច្នេះការចំណាយពេលបញ្ជារទិញ គឺមានរយៈពេលយូរ ហើយចំនួនកៅអីយន្តហោះ៥គ្រឿងហ្នឹង មួយគ្រឿងមានចំនួន ២០កៅអី អាចផ្ទុកអ្នកដំណើរបាន ២០នាក់»។ អ្នកឧកញ៉ា បានបន្ថែម។

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ទៀតថា យន្តហោះអគ្គីសនី នឹងត្រូវដឹកនាំភ្ញៀវទេសចរពីខេត្តសៀមរាប និងរាជធានីភ្នំពេញ ទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុង ព្រមទាំងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ជាដើម។ ក្នុងអំឡុងពេលរង់ចាំយន្តហោះអគ្គីសនី ក្រុមហ៊ុន VETAirways ក៏នឹងសាកល្បងយន្តហោះលើទឹក ជាប្រភេទយន្តហោះខ្នាតតូចចាប់ពី ៤កៅអី ទៅ៨កៅអី ដែលក្រុមហ៊ុនមានស្រាប់ចំនួន ៥គ្រឿង ក្នុងរយៈពេល ៣ខែ ខាងមុខនេះផងដែរ៕