ក្រសួងអប់រំ យុវជន និងកីឡា និង KOICA កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងគោលបំណងលើកទឹកចិត្តសិស្ស អ្នកអប់រំ និងភាគីពាក់ព័ន្ធសំខាន់ៗដើម្បីជំរុញការរីកចម្រើន បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍នៅតាមសាលារៀន។


លោកស្រី Moonjung Choi នាយិកា KOICA ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “KOICA ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា លើគម្រោងដ៏សំខាន់នេះ។ ការសាទរ និងទេពកោសល្យដែលបានបង្ហាញនៅក្នុងពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ រួមជាមួយនឹងការប្តេជ្ញាចិត្តដែលឃើញនៅក្នុងសិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំនេះ ពិតជាបានគូសបញ្ជាក់ពីសក្តានុពលរបស់កម្ពុជានៅក្នុងយុគសម័យឌីជីថល។ យើងប្តេជ្ញាគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរភាពនៃការអប់រំបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដើម្បីផ្តល់ឱកាសដល់ទាំងសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូសម្រាប់អនាគតដ៏ភ្លឺស្វាង”។

លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ព្រមទាំងសិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងក្នុងការលើកកម្ពស់ការអប់រំបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការបានឃើញភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស និងអ្នកអប់រំវ័យក្មេងរបស់យើង ពិតជាជួយក្នុងការជំរុញទឹកចិត្តដល់យើងទាំងអស់គ្នាខ្លាំងណាស់។ គំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការបំពាក់ជំនាញសំខាន់ៗសម្រាប់សតវត្សរ៍ទី ២១ ដល់សិស្សានុសិស្សរបស់យើង ក៏ដូចជាធានាថាគ្រូបង្រៀនរបស់យើងនៅតែឈានមុខគេក្នុងឧត្តមភាពអប់រំ”។
គួរជម្រាបជូនផងដែរថា ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍គឺជាចំណុចសំខាន់មួយនៅក្នុងគម្រោងការពង្រឹងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍អោយកាន់តែទូលំទូលាយ ក្រោមការអនុវត្តរួមគ្នារវាង KOICA និងក្រសួងអប់រំ យុវជន និងកីឡា។ ចាប់តាំងពីការចាប់ផ្តើមគម្រោងនៅឆ្នាំ ២០២១មក គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំឌីជីថលនៅទូទាំងប្រទេស។ រហូតមកដល់បច្ចុប្បន្នគម្រោងនេះបានបង្កើតបរិយាកាសសិក្សាឌីជីថលដែលកាន់តែមានភាពសកម្ម និងបរិយាប័ន្នតាមរយៈការបង្កើតបន្ទប់ ICT នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៤ និងសាលាឈានមុខបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ចំនួន២០៕


