សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្របពេលពិភពលោកប្រឈមនឹងបញ្ហាមួយចំនួន ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបានកំណើនល្អ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ស្របពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំងដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀងដែលញុាំងឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារ ក៏វិស័យកសិកម្មនៅកម្ពុជានៅតែសម្រេចបានកំណើនល្អនៅក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជានៅតែបន្តរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននៅវិបត្តិស្បៀងអាហារ កាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស។ ទោះបីក្នុងស្ថានភាពពិភពលោកជួបប្រទះនូវវិបត្តិបន្តបន្ទាប់នៃការរាលដាលជំងឺកូវីដ១៩ បញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន៥,៦%នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ៦,៦%នៅឆ្នាំ២០២៤នេះ។

សម្តេចធិបតីបន្តថា ស្របពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំងដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀងដែលញុាំងឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក៏វិស័យកសិកម្មនៅកម្ពុជានៅតែសម្រេចបានកំណើនល្អនៅក្នុងឆ្នាំ២០២៣ ជាក់ស្តែងអនុវិស័យដំណាំសម្រេចបាន៣៦,៨១លានតោន កើនប្រមាណ៦% ធៀបឆ្នាំ២០២២ នៅក្នុងនោះដំណាំស្រូវបាន១២,៤៩លានតោន ជាងនេះកម្ពុជាបាននាំចេញផលិតផលកសិកម្មជាង៨,៨២លានតោន ដែលមានតម្លៃសរុបប្រមាណ៤,៨ពាន់លានដុល្លារ ទៅកាន់គោលដៅ៧៨ប្រទេស។ក្នុងនោះការនាំចេញអង្ករសម្រេចបាន៦៥៦ពាន់តោន កើនឡើងជាង៣%ធៀបនឹងឆ្នាំ២០២២។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ចាក់បន្ថែមថា អ្វីដែលសំខាន់នោះគឺប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយដោយសារប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបានក្នុងតម្លៃខ្ពស់នៅឆ្នាំនេះ៕