ក្រុមហ៊ុនកៅស៊ូវៀតណាមមួយដែលវិនិយោគលើការដាំកៅស៊ូនៅកម្ពុជា គ្រោងដាំកៅស៊ូនៅកម្ពុជាប្រមាណ៣ម៉ឺនហិកតាបន្ថែមទៀត ខណៈខ្លួនកំពុងវិនិយោគដាំកៅស៊ូជាង៩ម៉ឺនហិកតានៅកម្ពុជា។

ក្នុងអំឡុងពេលពិភាក្សាការងារជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក Trương Minh Trung អគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម Vietnam Rubber group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ចង់វិនិយោគដាំកៅស៊ូបន្ថែម៣ម៉ឺនហិកតាទៀតនៅកម្ពុជាដែលអាចបង្កើតការងារធ្វើដល់ពលរដ្ឋកម្ពុជាប្រមាណ១ម៉ឺននាក់បន្ថែមទៀត។

លោក Trương Minh Trung បានឱ្យដឹងទៀតថា គម្រោងវិនិយោគថ្មីនេះ នឹងធ្វើឱ្យការវិនិយោគដាំកៅស៊ូសរុបរបស់ក្រុមហ៊ុននឹងកើនឡើងដល់ ១២ម៉ឺនហិកតា និងបង្កើតការងារ ប្រមាណ៣ម៉ឺននាក់។
ក្នុងជំនួបនោះលោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម ក៏បានស្នើសុំឲ្យអ្នកឧកញ៉ា គិត ម៉េង ជួយគាំទ្រណែនាំដល់បណ្តាដៃគូរវិនិយោគិនដែលអាចចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម ក្នុងន័យដើម្បីជំរុញវិស័យនេះឲ្យរីកចម្រើនរួមគ្នា។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ជំនួបនេះ មានគោលបំណងដើម្បីស្វែងយល់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ចជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី។
គួរជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំ គណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥ដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ពាណិជ្ជកម្មនិង ស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនេះគណៈប្រតិភូកម្ពុជាទទួលបាននូវកាលានុវត្តភាព ផ្សាភ្ជាប់ទំនាក់ទំនង ស្វែងរកដៃគូសក្តានុពលវិនិយោគ និងការបណ្តាក់ទុនរួមគ្នា៕



