លោក Jensen Huang ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានហក់ឡើងមកចំណាត់ថ្នាក់ទី០៦ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយចុងក្រោយបំផុតមួយ ពីសារព័ត៌មាន Forbes។

លោក Jensen Huang ឥឡូវនេះ កំពុងតាមពីក្រោយ លោក Larry Page ដែលជាសហស្ថាបនិក Google ត្រឹមតែ ២ពាន់លានដុល្លារប៉ុណ្ណោះ ដែលកំពុងកាន់កាប់ចំណាត់ថ្នាក់ទី៥ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ១៥១ពាន់លានដុល្លារ។
ជុំវិញការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៃចំនួនរបស់ទ្រព្យសម្បត្តិរបស់លោក Huang នេះ ត្រូវបានគេសន្មត់ថា កើតឡើងដោយតែការហក់ឡើងខ្ពស់នៃភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីប Nvidia ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដកការរឹតបន្តឹងលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់របស់ក្រុមហ៊ុន។
ជម្រាបជូនថា ប្រទេសចិនមានចំណែកប្រហែល ១៣% នៃការលក់សរុបរបស់ Nvidia ហើយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួននឹងបន្តការដឹកជញ្ជូនបន្ទះឈីប H20 AI របស់ខ្លួនទៅកាន់អតិថិជនចិនឡើងវិញ ក្នុងពេលឆាប់ៗនេះ ដោយបង្ហាញពីការបញ្ចប់ការដាក់កំហិតពាណិជ្ជកម្មអស់ពេលជាច្រើនខែ ដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍វិនិយោគិន៕

