ថៃ គ្រោងលើកលែងពន្ធលើទំនិញរបស់អាមេរិកដល់ ៩០%​ ជាផ្នែកនៃកិច្ចចរចាពាណិជ្ជកម្ម

អន្តរជាតិ

យោងតាមក្រុមធុរកិច្ចដែលផ្តល់ប្រឹក្សាដល់ក្រុមអ្នកចរចាថៃ​ បានបង្ហាញឲ្យដឹងថា ប្រទេសថៃ​ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលុបចោលពន្ធគយលើទំនិ្របស់សហរដ្ឋអាមេរិកដល់ទៅ ៩០%​ ពោលគឺបានកើនឡើងពីចំនួន ៦០%​ នៅក្នុងសំណើផ្តល់ជូនពីមុន ក្នុងគោលបំណងដើម្បីបញ្ចៀសការជាប់ពន្ធ​ ៣៦%​ ដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chanintr Chalisarapong អនុប្រធានសភាពាណិជ្ជកម្មថៃ​ បានប្រាប់អ្នកយកព័ត៌មាន ក្នុងបទសម្ភាសមួយកាលពីថ្ងៃព្រហស្បតិ៍ថា សំណើទីបីរសប់រដ្ឋាភីបាល អាចនឹងលុបបំបាត់ការយកពន្ធគយ និងរបាំងមិនមែនពន្ធលើផលិតផលអាមេរិក ប្រហែល ១០​ ០០០។

លោក Chanintr បានបន្ថែមឲ្យដឹងទៀតថា ជុំវិញការដាក់សំណើផ្តល់ជូនចុងក្រោយនេះ​ អាចនឹងបន្ទាបអត្រាពន្ធគយចន្លោះពី​ ១៨% ទៅ ២០% ពីកម្រិតគំរាមកំហែងរបស់លោក ត្រាំ​ ដែលដាក់លើទំនិញរបស់ប្រទេសថៃ ដល់ទៅ ៣៦% ។

គួរឲ្យដឹងថា សំណើថ្មីដែលនឹងត្រូវដាក់បង្ហាញដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នេះ អាចកាត់បន្ថយអតិរេកពាណិជ្ជកម្មចំនួន ៤៥,៦ពាន់លានដុល្លាររបស់ប្រទេសថៃ ជាមួយសហរដ្ឋអាមេរិកបាន ៧០% ក្នុងរយៈពេល ៣ឆ្នាំ និងនាំឱ្យមានតុល្យភាពពាណិជ្ជកម្ម ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ផងដែរ។

ជម្រាបជូនថា ថៃ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត ដែលកំពុងព្យាយាមបញ្ចប់​លក្ខខណ្ឌពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតខ្លួន ដែលមានប្រហែល ១៨% នៃការនាំចេញសរុបកាលពីឆ្នាំមុន៕