អ៊ុយក្រែន គ្រោងបង្កើតទីភ្នាក់ងារពិសេសមួយស្រដៀងគ្នាទៅនឹង DOGE របស់ Elon Musk ដែរ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីនៃក្រសួងផ្លាស់ប្តូរឌីជីថលអ៊ុយក្រែន លោក Mykhailo Fedorov កាលពីពេលថ្មីៗនេះ​ បានស្នើឲ្យបង្កើតទីភ្នាក់ងារថ្មីមួយ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដែលស្រដៀងគ្នាទៅនឹងអង្គភាព DOGE របស់សហរដ្ឋអាមេរិកដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Fedorov បានសរសេរសារមួយបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែកក្កដាថា ៖ “ខ្ញុំគ្រោងនឹងដាក់ចេញទីភ្នាក់ងារមួយដើម្បីធ្វើកំណែទម្រង់ ដូច DOGE សម្រាប់គម្រោងមួយចំនួន។ ខ្ញុំត្រូវការពន្លឿនការកាត់បន្ថយការចំណាយ និងការវាយតម្លៃប្រសិទ្ធភាពរដ្ឋាភិបាលជាបន្ទាន់”។

DOGE គឺជាភ្នាក់ងារពិសេសមួយត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់លោក ត្រាំ និងត្រូវបានដឹកនាំដោយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ជាមួយនឹងគោលដៅនៃការធ្វើទំនើបកម្មបច្ចេកវិទ្យាព័ត៌មាន បង្កើនផលិតភាព កាត់បន្ថយបទប្បញ្ញត្តិ និងការចំណាយដែលលែងត្រូវការ។

តែទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះ បានប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើនចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន។ អ្នករិះគន់បានចោទប្រកាន់ DOGE ពីការដើរហួសអំណាចរបស់ខ្លួន ដោយធ្វើឲ្យមានអស្ថិរភាពនៃសេវាកម្ម និងប្រតិបត្តិការរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ មុនពេលលោក Musk បញ្ចប់អាណត្តិរបស់ខ្លួន។

គួរឲ្យដឹងថាលោក Fedorov ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេស កាលពីថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសរុះរើគណ:រដ្ឋមន្ត្រីទ្រង់ទ្រាយធំ កាលពីដើមសប្តាហ៍មុន។

លោក Fedorov ដែលជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរឌីជីថលតាំងពីឆ្នាំ២០១៩ បានលើកកម្ពស់ឌីជីថលនីយកម្មរបស់ប្រទេស រួមទាំងការដាក់ឲ្យប្រើប្រាស់សេវាកម្ម Diia e-government ហើយបានទទួលការសរសើរយ៉ាងច្រើន៕